ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានស្នើឱ្យនាយកដ្ឋានជំនាញ ពង្រឹងលើការរៀបចំការប្រកួត ឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់។ ពីព្រោះថា តាមរយៈការបណ្តុះបណ្តាលនេះ គឺជាគន្លឹះយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស ជារឿងចំបាច់សម្រាប់មន្ត្រីជំនាញនានា ក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានោះឯកឧត្តម ក៏បានស្នើឱ្យមន្ត្រីទាំងអស់ ដែលចូលរួមវគ្គបំប៉ននេះ ត្រូវខិតខំក្រេបយកចំណេះដឹងឱ្យបានស៊ីជម្រៅ ដើម្បីយកទៅអនុវត្តន៍ការងារឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើន។ តាមរយៈវគ្គបំប៉នសមត្ថភាពនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានចាត់ទុកថា នេះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការគោលដៅអភិឌ្ឍន៍រួមគ្នា ក្នុងខណៈដែលក្រសួងអប់រំ យុវជន និងកីឡាកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ខ្លួន តាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស ការកែទម្រង់ការប្រកួត និងការពង្រឹងសមត្ថភាពសហព័ន្ធជាដើម។ ទាំងអស់នេះគឺជាចំណុចសំខាន់ ៗ ក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពបន្ថែមសម្រាប់ថ្ងៃខាងមុខ។ ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ ។
ឯកឧត្តម ប៊ូ ជុំសេរី ក៏បានស្នើឱ្យមន្ត្រី យកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការបំផុសស្មារតីកីឡាករ កីឡាការិនី យល់ដឹងពីសារធាតុហាមឃាត់ ក្នុងកីឡា ដូប៉ា។ បើកាលណា កីឡាករណាម្នាក់ប្រើប្រាស់ថ្នាំលើកកម្លាំង ឬប្រើប្រាស់ថ្នាំកាត់បន្ថយការឈឺចាប់ ក្នុងពេលប្រកួត គឺត្រូវគេដកមេដាយយកទៅវិញ ហើយវាបង្កឱ្យខូចកិត្តិយសខ្លួនឯង និងសង្គមជាតិទៀតផង។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា គូសបញ្ជាក់ថា គោលបំណងចម្បងនៃវគ្គបំប៉ននេះត្រូវបានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្ត្រីកីឡា នៅតាមសហព័ន្ធកីឡា ក្នុងការរៀបចំឱ្យមានស្តង់ដារតាមតែមួយ ស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិ ឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣។ ជាមួយគ្នានោះ ក៏មានវាគ្មិនសំខាន់ៗជាច្រើនរូបបានធ្វើបទបង្ហាញជូនសិក្ខាកាមជាបន្តបន្ទាប់ផងដែរ ៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ dara
0 comments:
Post a Comment