រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងកម្ពុជា១៨នាក់វិលត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ខណៈរហូតដល់ពេលនេះគឺមានរយៈពេល៤៦ថ្ងៃហើយក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។
យោងតាមឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ថ្ងៃនេះជា ថ្ងៃទី៤៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់អះអាងទៀតថា«រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព»។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយនោះ។
ទាក់ទងនឹងទាហានកម្ពុជា១៨នាក់ខាងលើនេះដែរ ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិលោក Jurg Montani បានប្រាប់កម្ពុជាកាលពីដើមសប្តាហ៍កន្លងទៅថា កងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះ ពួកគេមានសុវត្ថិភាពល្អ និងសុខភាពល្អធម្មតាទាំងអស់គ្នា។ យ៉ាងណាក៏ដោយកម្ពុជានៅតែបន្តអំពាវនាវយ៉ាងទទួចឲ្យភាគីថៃធ្វើការដោះលែងពួក គេ មកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ អត្ថបទ បាន ចក់
0 comments:
Post a Comment