(បរទេស)៖ មេធាវីម្នាក់មានរស់នៅទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក ឈ្មោះ Mark S. Zuckerberg ដែលមិនមែនជាស្ថាបនិកក្រុមហ៊ុន Facebook នោះទេ បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Meta ពីបទបិទគណនីរបស់គាត់ម្តងហើយម្តងទៀត ដោយសារតែច្រឡំឈ្មោះរបស់គាត់ជាមួយស្ថាបនិកបណ្ដាញសង្គមដ៏ធំមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្មីៗនេះ។
យោងតាមឯកសារតុលាការដែលបានដាក់ជូនតុលាការរដ្ឋ Indiana បានឱ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តិនៃក្រុមហ៊ុន Meta បានសម្គាល់ខុសទៅលើគណនីផ្ទាល់ខ្លួន និងគណនីអាជីវកម្មរបស់លោកមេធាវីរូបនេះថា "ក្លែងបន្លំជាតារាល្បី" ឬ "ប្រើប្រាស់ឈ្មោះក្លែងក្លាយ"។ លោក Zuckerberg បានឱ្យដឹងថា គណនីអាជីវកម្មរបស់គាត់ត្រូវបានបិទចំនួន ៥ ដងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ខណៈគណនីផ្ទាល់ខ្លួនរបស់គាត់ត្រូវបានបិទ ៤ ដង។
ការបិទគណនីម្តងហើយម្តងទៀតនេះ បានធ្វើឱ្យលោក Zuckerberg ខាតបង់ចំណូលពីការផ្សាយពាណិជ្ជកម្មជាង ១១.០០០ ដុល្លារ ដែលគាត់បានចំណាយដើម្បីផ្សព្វផ្សាយការិយាល័យមេធាវីរបស់គាត់។ លោកបានប្រៀបធៀបស្ថានភាពនេះទៅនឹង "ការទិញផ្ទាំងប៉ាណូតាមដងផ្លូវហាយវេ" ប៉ុន្តែត្រូវគេយកអ្វីមកបិទបាំងវិញ មុនពេលអ្នកណាម្នាក់អាចមើលឃើញ។
ពាក្យបណ្តឹងនេះបានចោទប្រកាន់ក្រុមហ៊ុន Meta ពីបទធ្វេសប្រហែស (negligence) និងរំលោភកិច្ចសន្យា (breach of contract) ដោយលោកមេធាវីបានបញ្ជាក់ថា ការសម្រេចចិត្តប្តឹងនេះគឺដើម្បីឱ្យក្រុមហ៊ុន Meta ទទួលខុសត្រូវ និងដោះស្រាយបញ្ហាដែលកើតឡើងជាបន្តបន្ទាប់នេះ ដែលបានប៉ះពាល់ដល់មុខរបររបស់គាត់។
ជាការឆ្លើយតបទៅនឹងករណីនេះ ក្រុមហ៊ុន Meta បានទទួលស្គាល់កំហុស និងបានបើកគណនីរបស់លោកឱ្យដំណើរការឡើងវិញ ដោយបញ្ជាក់ថា វាត្រូវបានបិទដោយសារកំហុសឆ្គង ហើយពួកគេកំពុងខិតខំប្រឹងប្រែងដើម្បីការពារកុំឱ្យមានហេតុការណ៍ស្រដៀងគ្នាកើតឡើងទៀតនៅពេលអនាគត៕
0 comments:
Post a Comment