បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ សិស្សានុសិស្សក្រីក្រ ចំនួន ៥០០ នាក់ មកពីសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ក្នុងស្រុករតន មណ្ឌល និងស្រុកបាណន់ ទទួលអំណោយជាកង់ និងសម្ភារៈសិក្សាមួយចំនួនពីក្រុមអ្នក ម្តាយមនុស្សធម៌ តាមរយៈលោកជំទាវ ញ៉ែម សាខន ស ខេងភរិយារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាៈ ក្រុមអ្នកម្តាយមនុស្សធម៌ នឹងបន្តចែកអំណោយ ដល់សិស្សក្រីក្រនៅតាមបណ្តាខេត្តនានា ទៀត ដូចជាខេត្ត បន្ទាយមានជ័យ ព្រៃវែង និងបណ្តាខេត្តមួយចំនួនទៀត ព្រោះវាជាផ្នែក មួយ ជួយលើកស្ទួយវិស័យអប់រំ នៅកម្ពុជា។
លោករដ្ឋលេខាធិការ បានបន្ថែមថាៈ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងអប់រំ បានយកចិត្តទុក ដាក់ខ្លាំង ទៅលើការពង្រឹងគុណភាព ការសិក្សា និងជាពិសេស បានផ្តល់អាហារូបករណ៍ ខ្ទង់ម៉ឺននាក់ ដល់សិស្សក្រីក្រ ដើម្បីមានលទ្ធភាព បន្តការសិក្សា នៅសកលវិទ្យាល័យ ដើម្បីក្លាយជាធនធានដ៏សំខាន់ ក្នុងការចូលរួម អភិវឌ្ឍន៍ ប្រទេសជាតិ ។
លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្ត ទុកដាក់ ក្នុងការសិក្សារៀនសូត្រ ព្រោះថា ចំណេះវិជ្ជា អាចយិតយោង វាសនារបស់មនុស្ស ពិសេសជាស្ពាន សម្រាប់ក្មួយៗ ជាសិស្សានុសិស្ស ឆ្លងផុតពីគ្រោះអវិជ្ជា ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យក្មួយៗ ក្លាយខ្លួនជាធនធានដ៏មានតម្លៃ របស់ប្រទេសជាតិទៀតផង ស្របតាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍន៍ធនធាន មនុស្ស សម្រាប់ប្រទេសជាតិ។
លោកបានបញ្ជាក់ថាៈ សូមក្មួយៗ កុំបោះបង់ចោលការសិក្សាឲ្យសោះ ព្រោះថា ប្រទេស ជាតិមួយ មានការអភិវឌ្ឍរីកចម្រើនបាន អាស្រ័យដោយមានធនធាន មនុស្សច្រើន។
សូមបញ្ជាក់ថា សិស្សានុសិស្ស ទាំង ៥០០ នាក់ ក្នុងម្នាក់ៗ ទទួលបានកង់១ អង្ករ ២០ គីឡូក្រាម ត្រីខ កំប៉ុងមួយយួរ និងសៀវភៅសរសេរ ប្រាំក្បាល៕/V-PC
0 comments:
Post a Comment