កំពង់ឆ្នាំងៈ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កំពង់ឆ្នាំង បានជំរុញអាជ្ញាធរដែនដី និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់់ ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខ ។
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ ពិសេសតាមផ្សារនានា ទាំងនៅក្នុងក្រុង ស្រុក និងបណ្តា ទីប្រជុំជន ត្រូវមានវិធានការ ឲ្យបានច្បាស់លាស់ ក្នុងកិច្ចការ ការពារសន្តិសុខ សណ្តាប់ ធ្នាប់ ជូនប្រជាពលរដ្ឋ អោយបានល្អ ជាពិសេសមិនត្រូវ ឲ្យមានការកកស្ទះក្នុងការធ្វើ ដំណើរ និងត្រូវការពារ ឲ្យបាននូវរាល់បទល្មើសនានា កុំអោយក្រុមជនខិលខូច ឆ្លៀតធ្វើសកម្មភាពបាន។
លោក ឈួរ ច័ន្ទឌឿន បានបញ្ជាក់ថាៈ ចំពោះរថយន្តពន្លត់អគ្គិភ័យ ត្រូវត្រៀមលក្ខណៈ ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចេញអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា នៅពេលមាន ឧប្បត្តិហេតុ កើតឡើងភ្លាមៗ ។ ជាពិសេសអាជ្ញាធរដែនដី និងសមត្ថកិច្ច ត្រូវចុះអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលអុជធូបទៀន ឬប្រើប្រាស់ ភ្លើងអគ្គិសនី ក្នុងពេលសែនដូនតា មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងផ្សែង ឲ្យបានអស់ និងរឹតបន្តឹងកុំឲ្យដុតផាវ ដែលអាចបង្កគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ផ្សេងៗ និង បង្កសំឡេងរំខាន។ ជាមួយគ្នានេះ ក៏ត្រូវរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ ជាប្រចាំ ដើម្បីទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននេះ៕
0 comments:
Post a Comment