(ម៉ុងត្រេអាល់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុង
ប្រទេសកាណាដា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ ចូលរួមក្នុងជំនួបពិភាក្សាការងារតុមូល ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។ជំនួបពិភាក្សាការងារតុមូលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញ និងផ្សព្វផ្សាយ ពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា ក្រោមច្បាប់វិនិយោគថ្មី និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់ធុរជនកាណាដា ដែលមានបំណងស្វែងយល់ និងបោះទុនវិនិយោគលើទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យអាទិភាពដូចជា កសិឧស្សាហកម្ម, សុខាភិបាល, ទេសចរណ៍, និងបច្ចេកវិទ្យា។ល។ បន្ថែមពីនោះជំនួបពិភាក្សាការងារតុមូល ក៏ត្រូវបានប្រើប្រាស់ជាវេទិកាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រដល់កិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ផងដែរ។
ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចុះហត្ថលេខាលើឯកសារនេះ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរពីកំណែទម្រង់ស៊ីជម្រៅរបស់កម្ពុជា ដែលបានបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានតម្លាភាព និងអំណោយផលខ្ពស់។ ជាមួយគ្នានោះ ក្រុមធុរជនកាណាដាដែលមានវត្តមានចូលរួម ក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលនៃទីផ្សារកម្ពុជា ជាពិសេសការប្រើប្រាស់កម្ពុជា ជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន។
ស្ថាប័នធុរកិច្ចដែលបានអញ្ជើញចូលរួមកិច្ចពិភាក្សាការងារតុមូលនាព្រឹកនេះ រួមមាន៖
១៖ ក្រុមហ៊ុនច្បាប់អន្តរជាតិ Fasken
២៖ Royal Bank of Canada ក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុពហុជាតិសាសន៍របស់កាណាដា និងជាធនាគារដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដោយផ្អែកលើទំហំមូលធនទីផ្សារ (market capitalization)។ ក្រុមហ៊ុននេះប្រតិបត្តិការក្រោមឈ្មោះសំខាន់ RBC
៣៖ Caisse de dépôt et placement du Québec (CDPQ) - ក្រុមហ៊ុនគ្រប់គ្រងមូលនិធិស្ថាប័នដ៏ធំបំផុតមួយនៅក្នុងប្រទេសកាណាដា និងអាមេរិកខាងជើង
៤៖ Cirque du Soleil - ក្រុមហ៊ុនកម្សាន្តរបស់កាណាដា ដែលបានធ្វើបដិវត្តន៍លើទម្រង់សិល្បៈសៀកបែបទំនើប ដោយផ្តោតលើភាពអស្ចារ្យនៃសិល្បៈ សមត្ថភាពកាយសម្ព័ន្ធ ការរចនាឆាក និងសូរសម្លេងតន្ត្រី ជាជាងការប្រើប្រាស់សត្វ
៥៖ Centre hospitalier de l’Université de Montréal (CHUM) - មជ្ឈមណ្ឌលមន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំនិងទំនើបបំផុតមួយនៅអាមេរិកខាងជើង ដែលមានទីតាំងនៅទីក្រុងម៉ុងត្រេអាល់
៦៖ Brivia Group - ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោមួយនៅកាណាដា
៧៖ Pomerleau - ក្រុមហ៊ុនសំណង់ដ៏ធំជាងគេមួយនៅកាណាដា ដែលមានឯកទេសលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស្វកម្មស៊ីវិលខ្នាតធំ
៨៖ MTY Food Group Inc. - ក្រុមហ៊ុនផ្ដល់សិទ្ធិអាជីវកម្ម (Franchisor) ដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មម្ហូបអាហាររបស់ទ្វីបអាមេរិកខាងជើង ដែលមានជំនាញលើវិស័យសេវាម្ហូបអាហាររហ័ស (Quick Service) និងហាងអាហារបែប Casual Dining
៩៖ Power Corporation of Canada (POW) - ក្រុមហ៊ុនគ្រប់គ្រង និងកាន់កាប់ (Management and Holding Company) ដែលផ្តោតសំខាន់លើវិស័យសេវាហិរញ្ញវត្ថុ
១០៖ Scotiabank (ឈ្មោះផ្លូវការគឺ The Bank of Nova Scotia) -ស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុអន្តរជាតិដ៏លេចធ្លោមួយរបស់កាណាដា ត្រូវបានគេស្គាល់ថាជាស្ថាប័នធនាគារកាណាដា ដែលមានវត្តមានអន្តរជាតិច្រើនជាងគេ
១១៖ Olymel L.P. - ក្រុមហ៊ុនឧស្សាហកម្មកសិ-ចំណីអាហារដ៏ធំជាងគេមួយនៅកាណាដា និងជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត កែច្នៃ និងចែកចាយសាច់ជ្រូក និងសាច់បសុបក្សី
១២៖ Conseil des relations internationales de Montréal (CORIM) - ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៃម៉ុងត្រេអាល់ ជាស្ថាប័នសំខាន់មួយនៅទីក្រុងម៉ុងត្រេអាល់ ដែលដើរតួនាទីជាវេទិកាក្នុងការផ្សព្វផ្សាយ និងពិភាក្សាអំពីកិច្ចការអន្តរជាតិ
១៣៖ Investissement Québec - សាជីវកម្មហិរញ្ញវត្ថុ និងជាទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចផ្លូវការរបស់រដ្ឋបាលខេត្តគេប៊ិច ប្រទេសកាណាដា
១៤៖ Deloitte Canada - ក្រុមហ៊ុនផ្ដល់សេវាវិជ្ជាជីវៈដ៏ធំជាងគេមួយនៅកាណាដា ជាផ្នែកមួយនៃបណ្តាញសកល Deloitte Touche Tohmatsu Limited ដែលជាបណ្តាញផ្ដល់សេវាដ៏ធំមួយក្នុងចំណោមបួន (Big Four) លើពិភពលោក៕












sps-news.com

0 comments:
Post a Comment