Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Thursday, December 31, 2020

ឧត្តមសេនីយ៍ឯក ស ថេត គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត ក្រោយគេបាញ់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំស្នងការរង នាយការិយាល័យ និងមន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត ហៅ ញ៉ក់ ដែលត្រូវបានជនដៃដល់បាញ់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯកស្នងការ បានបង្ហាញអារម្មណ៍នឹកស្រណោះ សោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព ក៏ដូចជាការចូលរួមសហការណ៍ ក្នុងការបង្ក្រាបបទល្មើសនានា ជាច្រើន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត អាយុ៤១ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាមន្ត្រីដ៏ល្អ មួយរូប បានលះបង់ក្នុងការបម្រើសង្គម ជាតិ ហើយគាត់ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ផងដែរ។

លោកស្នងការបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រ៉េត ស៉ីណែត ផងដែរ។ ជាមួយនោះដែរលោកស្នងការ ក៏បាននាំយកជាសម្ភារៈ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពទៀតផង។

គួរជម្រាបថា លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត បានស្លាប់ភ្លាមៗ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បាញ់ប្រហារបណ្តាលឲ្យមានការភ្ញាក់ផ្អើល ស្ទើរតែមួយរាជធានីភ្នំពេញ បានកើតឡើងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ៕

គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានជាអាទិ៍៖
* តំណាងក្រុមប្រឹក្សាធម្មនុញ្ញ
* តំណាងព្រឹទ្ធសភា
* តំណាងរដ្ឋសភា
* ក្រសួងពាក់ព័ន្ធនានា
* តំណាងគណបក្សនយោបាយ
* តំណាងអង្គការមិនមែនរដ្ឋាភិបាល
* អ្នកសារព័ត៌មាន។

ហើយសម្រាប់របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះ មានដូចខាងក្រោម៖

* មតិស្វាគមន៍ និងសម្របសម្រួលកម្មវិធី ដោយលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
* ការផ្សព្វផ្សាយខ្លឹមសារសង្ខេបស្តីពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពលោក ឯម សូផាត សមាជិក គ.ជ.បនិងជាប្រធានដឹកនាំអង្គប្រជុំ
* មតិយោបល់របស់ភាគីចូលរួម
* ការឆ្លើយបំភ្លឺទៅនឹងមតិយោបល់ដែលលើកឡើងរបស់ភាគីចូលរួម៕

Wednesday, December 30, 2020

សមាជិករដ្ឋសភា ចាយ បូរិន អបអរសាទរ ចំពោះនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំមកនូវតំណក់ប្រេងលើកដំបូង

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម ចាយ បូរិន សមាជិករដ្ឋសភា និងក្រុមគ្រួសារ បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជាទូទំាងប្រទេស ដែលទើបទទួលបានសមិទ្ធផលថ្មី ជាប្រវត្តិសាស្រ្ត គឺតំណក់ប្រេងដំបូង ដែលកើតមានឡើងនៅក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តម បានលើកឡើងថា តំណក់ប្រេងដំបូងកម្ពុជាទទួលបាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានលេចឡើងស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា នាំមកនូវសុខសន្តិភាព ពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូល នៅក្នុងរយៈពេល២២ឆ្នាំមកនេះ។
ឯកឧត្តម មានប្រសាសន៍ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួល បានតំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេស កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ដែលធ្វើឱ្យ ប្រទេសជាតិកាន់តែរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែធូរធារឡើង។
អ្នកតំណាងរាស្រ្តរូបនេះ បានបន្តថា សន្តិភាពក្រោមការដឹកនាំរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើ សមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់ យូរលង់ណាស់មកហើយ។
ក្នុងនាមជាអ្នកតំណាងរាស្រ្ត ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទំាងប្រទេស អរគុណសន្តិភាព និងគោរពដឹងគុណជានិច្ច ចំពោះបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ។ ពលរដ្ឋនៅទូទំាងប្រទេសប្តេជ្ញាចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមក ដោយលំបាកនិងដោយពលីកម្មដ៏ធំធេងរបស់សម្តេចនាយករដ្ឋមន្រ្តី ឱ្យបានគង់វង្ស ដើម្បីកម្ពុជាទទួលបានការអភិវឌ្ឍឥតឈប់ឈរជារៀងរហូតទៅ៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣០- ១២ -២០២០

សម្តេចក្រឡាហោម លើកឡើងថា តំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ធ្វើឲ្យកម្ពុជា មានក្តីសង្ឃឹមថា នឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីបម្រើដល់ការអភិវឌ្ឃ ការកសាងជាតិ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើកថា តំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជានេះ ធ្វើឲ្យកម្ពុចាមានក្តីសង្ឃឹមថា នឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីបម្រើដល់ការអភិវឌ្ឃ ការកសាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឆ្លៀតនាឱកាសនោះផងដែរ សម្តេចក្រឡាហោម តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស បានសម្តែងសេចក្តីរំភើបឥតឧបមា និងចូលរួមអបអរសាទរជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសមិទ្ធិផលតំណក់ប្រេងលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ នៃដែនដីសុវណ្ណភូមិរបស់កម្ពុជាមួយនេះ។

សម្តេចបានបញ្ជាក់ថា ការទទួលបានដំណក់ប្រេងនេះ គឺជាការចាប់ផ្ដើមមួយជំហាន ដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះទៅបង្កើត ឲ្យបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល។

គួររម្លឹកផងដែរថា កាលពីម្សិលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា បានប្រកាសថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។

សម្តេចបានបញ្ជាក់ថា ការទទួលបានដំណក់ប្រេងនេះ បានធ្វើឡើង ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះ បានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់កម្ពុជា៕ ដោយ៖ កន ចំណាន

Tuesday, December 29, 2020

សម្ដេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​ខួប​២២​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្ដែង​ការអបអរសាទរ​ខួប​២២ ឆ្នាំ​នៃ​ការ​បញ្ជ​ប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) គឺមាន​រយៈពេល​២២​ឆ្នាំ​ហើយ ដែល​កម្ពុជា​រកបាន​នូវ​សុខសន្តិភាព​ពេញលេញ និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ ដែល​ការបិទ​បញ្ចប់សង្គ្រាម​ហែកហួរ និង​ការបែកបាក់​ជាតិ​នេះ បាន​កើតមានឡើង​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

​នៅលើ​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសរសេរថា ខួប​២២​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០​។ ការបិទ​បញ្ចប់សង្គ្រាម​ហែកហួរ និង​ការបែកបាក់​ជាតិ​នេះ បាន​កើតមានឡើង​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។

​ជាមួយគ្នានេះ នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​នឹង​នាំមក​នូវ​ការធានា​ដល់​សន្តិសុខ​សង្គម ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចីរភាព​៕​ដោយ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០–សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១០រូប នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។


រូបថត៖ រដ្ឋសភា

ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យគ្រឹះស្ថានឯកជនបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២

ចំនួនអ្នកទស្សនា: Views

 

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០–

សម្តេច​តេ​ជោ ហ៊ុន សែន​៖ បើទោះបី​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ក្តី ប៉ុន្តែ​មិនទាន់​ថា​ចប់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​

ចំនួនអ្នកទស្សនា: Views



AKP ភ្នំពេញ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០

​បន្ទាប់ពី​បាន​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​ក្នុង​សហគមន៍​ពី​ជំងឺ​កូ​វីដ​១៩ ទទួលបាន​ជោគជ័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បានប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ឆ្នាំ​២០២០​នេះ​ក្ដី ប៉ុន្ដែ​មិនទាន់​ថា ចប់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​។​
​ថ្លែង​ក្នុង​សារ​ពិសេស នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ពី​គេហដ្ឋាន ក្នុង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ហេតុផល​មួយចំនួន​ពី​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ថា ស្ថានការណ៍​យើង​គ្រប់គ្រង​បាន​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដោយ​មិន​រកឃើញ​អ្នក​ឆ្លង​ក្នុង​រយៈពេល​១៤​ថ្ងៃ ដែល​មកដល់ពេលនេះ​បាន​ព្យាបាល​ជាសះស្បើយ​ក្នុងចំណោម​៤១​នាក់ ជាសះស្បើយ​៣៨​នាក់ នៅសល់​០៣​នាក់​។ ទន្ទឹមនេះ មិនមាន​សេសសល់​អ្នកពាក់ព័ន្ធ​នោះទេ ដោយសារ​ការខិតខំ​ស្វះស្វែង និង​គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នោះទេ​។

​សម្ដេច​តេ​ជោ​បាន​បន្ដថា ការ បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​នេះ​គឺ​មកពី​ការគ្រប់គ្រង​ពលករ​មកពី​ប្រទេស​ថៃ តាំងពី​ថ្ងៃទី​២០ ខែធ្នូ បាន​ព្រោះថា មិនទាន់​រកឃើញ​អ្នកណា​នាំ​ជំងឺ​ចូលមក​កម្ពុជា​នោះទេ ដោយសារ​រាជរដ្ឋាភិបាល​ថៃ​និង​អាជ្ញាធរ​បាន​ចាត់វិធានការ​ក្នុង​ល្បឿន​លឿន​ក្នុងការ​ទប់ស្កាត់​។ បន្ថែម ពី​នោះអាជ្ញាធរ​កម្ពុជា​ក៏បាន​ធ្វើការ​តាម​ការចង្អុលបង្ហាញ​ពី​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ដែល​ធ្វើ​ការងារ​នេះ​បានល្អ​។ សម្ដេច​តេ​ជោ​បាន​លើកឡើងថា ជាក់ស្តែង​កម្លាំងប្រដាប់អាវុធ​នៅតាម​ព្រំដែន​បាន​ដឹក​ពលករ ដោយ​មិន​អនុញ្ញាត ឱ្យ​ពូក​គាត់​ធ្វើដំណើរ​តាម​រថយន្តឈ្នួល​នោះទេ ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ។

​សម្តេច​តេ​ជោ​គូសបញ្ជាក់ថា “​ចំណុច​នេះ​ដោយសារ​អាជ្ញាធរ​ថៃ ចាត់វិធានការ​ទាន់ពេល​ផង និង​ការខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា ខ្ញុំ​ក៏បាន​ថ្លែង​អំណ​គុណ​ដល់​រដ្ឋាភិបាល ថៃ ដែល​បាន​ទប់ស្កាត់​ទាន់ពេល​ចំពោះ​ការរីក​រាល់ដាល​ជំងឺ​កូ​វីដ​១៩​។ បន្ថែម​ពី​នោះ​រដ្ឋាភិបាល​បានផ្តល់​ការ​សម្គាល់​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើ​ការមិន​ស្របច្បាប់​ផងដែរ ដែល​ចំណុច​នេះ​ធ្វើការ​រួមគ្នា មិន​ថា​ខាង​ទប់ស្កាត់​ជំងឺ​ទេ​ដែល​ខាង​ការងារ​ដល់​ពលករ ផងដែរ​”​។
​សម្ដេច​តេ​ជោ​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​ដែល​ទទួលបាន​ប្រាក់​ឧ​ត្ត​ម្ភ​ពី​រាជរដ្ឋាភិបាល​ទៅ​ចែកជូន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​អស់​គឺ​រាយការណ៍​មក​បាន ដើម្បី​ផ្តល់ជូន​ដល់​ពួកគាត់​កុំ​មានការ​ខ្វះខាត​។ សម្តេច​តេ​ជោ​ថ្លែងថា “​នេះ​ការ​ជា​ប្រយុទ្ធ​ជាមួយ​សត្រូវ​ដែល​គ្មាន​ស្រមោល ដែល​ចំណុច​នេះ​ជាការ​ត្រូវតែ​ប្រុងប្រយ័ត្ន​។ ខ្ញុំ​អំពាវនាវ​ដល់​បងប្អូន​ធ្វើការ​នៅ​ប្រទេស​សូម​បន្ត​ធ្វើការ​នៅ​ថៃ​បន្ត ដោយ​កុំ​ចល័ត​ពី​កន្លែង​នេះ​ទៅ​កន្លែង​នោះ​។ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ថា​មាន​បងប្អូន​មួយ​គ្រួសារ​ដោយ​ភ័យខ្លាច​បានធ្វើការ​ចល័ត តែ​ត្រូវបាន​គេ​ចាប់យក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វត្ត ប៉ុន្តែ​ពេល​រាជរដ្ឋាភិបាល​ថៃ​បាន​ជួយ​សម្រួល​ហើយ​”​។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​សូមកុំ​អញ្ជើញ​ទៅ​ព្រោះថា​ប្រទេស​គេ​កំពុងតែធ្វើការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ ។
​សម្ដេច​តេ​ជោ​បាន​ថ្លែងបន្ដថា ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ក៏​មក​នៅសល់តែ​ការគ្រប់គ្រង​អ្នកជំងឺ​តាម​ជើងយន្តហោះ​ជា​រៀងរាល់ថ្ងៃ ហើយ​រំពឹងថា នឹងមាន​ឆ្លង​បន្តទៀត​នៃ​ការឆ្លង​ចូល ប៉ុន្តែ​យើង​មិនមាន​ជម្រើស​ណា​នោះទេ គឺ​បិទ​ជើងហោះហើរ​នោះទេ រាប់ទាំង​ជនជាតិ​អង់គ្លេស​ដែលមាន​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី​ផងដែរ​។ សម្តេច​តេ​ជោ​ថ្លែង​បញ្ជាក់ថា “​យើង​មិនត្រូវ​បិទ ជើងហោះហើរ​ពី​ប្រទេស​អង់គ្លេស​នោះទេ​ព្រោះ​ប្រទេស​គេ​បានប្រកាស់​បិទ​រួចហើយ អីច្ចឹង​យើង​មិនចាំបាច់​បិទ​ជនជាតិ​អង់គ្លេស​នោះទេ តែ​យើង​ត្រូវតែ​ធ្វើការ​តាមដាន​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​”​។

​សម្ដេច​តេ​ជោ​បាន​បន្ថែមថា កម្ពុជា​បានធ្វើ​ការប្រយុទ្ធ​ក្នុង​សមរភូមិ​ចំនួន​៣​គឺ ទី​១ ទប់ស្កាត់​ការ​ហូត​ចូល​ពី​ខាងក្រៅ ទី​២ ទប់​ស្កាក់​ការឆ្លង​នៅក្នុង​សហគមន៍ និង​ទី​៣ ការព្យាបាល​ឱ្យ​ជាសះស្បើយ​។ ក្នុងឱកាស​នោះដែរ​សម្តេច​តេ​ជោ​ក៏បាន​អះអាងថា បើទោះបី​ជាមាន​កម្ពុជា​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ក៏ដោយ ក៏​កូ​វីដ​១៩​មិនទាន់​បញ្ចប់​នោះទេ ព្រោះថា​នៅ​សកលលោក​បាន​បាននិងកំពុង​ឆ្លង​លឿន​៕ ដោយ ប៊ុន​រិ​ទ្ធ សម្រួល​ផ្សាយ​ដោយ​៖ sps-news


Monday, December 28, 2020

ក្រសួងសុខាភិបាលរុស្ស៊ីអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sputnik V សម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 



AKP ភ្នំពេញថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០​ – រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ី លោក Mikhail Murashko បាននិយាយប្រាប់ទូរទស្សន៍ Rossiya 24 កាលពីថ្ងៃសៅរ៍ថា ក្រសួងសុខាភិបាលរបស់រុស្ស៊ីបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sputnik V សម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយដល់ប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំ។

លោកបាននិយាយថា «ក្រសួងសុខាភិបាលបានអនុម័តទៅលើការធ្វើវិសោធនកម្មលើសេចក្តីណែនាំសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្ត។ វ៉ាក់សាំង Sputnik V ត្រូវបានអនុម័តសម្រាប់ការចាក់ឱ្យប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ដោយហេតុនេះ ពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំ ឥឡូវនេះអាចទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងការឆ្លងមេរោគថ្មីនេះដែរ។ ការចាក់វ៉ាក់សាំងនេះកំពុងដំណើរការនៅគ្រប់តំបន់ទាំងអស់របស់ប្រទេសរុស្ស៊ី»។

លោក Murashko ក៏បានកត់សម្គាល់ផងដែរថា ការវាយតម្លៃរបស់អ្នកជំនាញបានបង្ហាញអំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងនេះសម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។

ប្រទេសរុស្ស៊ីបានចាប់ផ្តើមការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១០ ខែធ្នូ។ នៅថ្ងៃទី ១៤ ខែធ្នូ លោក Murashko បាននិយាយថា វ៉ាក់សាំងនេះត្រូវបានបញ្ជូនទៅគ្រប់តំបន់ទាំងអស់ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)

ប្រមុខ​រាជរដ្ឋាភិបាល នឹងធ្វើ​សេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា និង​ចំណុច​សំខាន់ៗ​ផ្សេងទៀត នៅ​ថ្ងៃទី​២៩ ខែធ្នូ​ស្អែក​នេះ​

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០
ឯកឧត្ដម ស្វាយ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បានឱ្យដឹងថា នៅវេលា​ម៉ោង ៩:០០​នាទី​ព្រឹក ថ្ងៃ​អង្គារ ១៥ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ស្អែក​នេះ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា នឹង​ផ្សាយ​ផ្ទាល់​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​នឹង​«​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» និង​ចំណុច​សំខាន់ៗ​ផ្សេងទៀត ពី​គេហដ្ឋាន​របស់​សម្ដេច​តេ​ជោ ស្ថិតនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​គួ​បញ្ជាក់ដែរថា បើតាម​ការឱ្យ​ដឹង​រប​ស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​នេះ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​០៤​នាក់ បន្ថែមទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​នោះទេ​។ ដូច្នេះ​មកដល់​ថ្ងៃនេះ កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ៣៦៤​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៦០​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ០៤​នាក់​៕​

Sunday, December 27, 2020

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ពិនិត្យការអ៊ុតបេទីមផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

 


AKP ព្រះសីហនុ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០–

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ និងប្រធានមន្ទីរជំនាញ កាលពីថ្ងៃសុក្រ ១១កើតខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២០ អញ្ជើញពិនិត្យសកម្មភាពអ៊ុតបេ ទីម និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងព្រះសីហនុ ចាប់ពីផ្លូវ ២៨ មិថុនា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ផ្លូវពោឡូវ៉ៃ ក្នុងសង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ បន្តពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងសង្កាត់លេខ៣ និងបន្តទៅពិនិត្យសកម្មភាពអ៊ុតបេទីមផ្លូវរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការណែ នាំដល់ក្រុមហ៊ុនអ៊ុតបេទីមរបស់ក្រុមហ៊ុនហ៊ុន TCM Engineering Co,LTD ទទួលអ៊ុតបេទីមផ្លូវចំនួន ១២ខ្សែ ក្នុងខេត្តព្រះសីហនុ ត្រូវអ៊ុតតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ធានាបានគុណភាព សោភ័ណភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង ។

បន្ទាប់មកទៅពិនិត្យការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងការដ្ឋានស្ថាបនាបុកគ្រឹះក្បាល ស្ពានភូមិអុង ឃុំរាម ស្រុកព្រៃនប់ដែលមានដីស្អុយជ្រៅ ត្រូវធ្វើការកាយចេញ និងបុកគ្រឹះផ្លូវ ដើម្បីចាក់បេតុង រួចបន្តទៅពិនិត្យមើលក្រុមហ៊ុន CCES ដែលកំពុងអ៊ុតបេទីមចាប់ពីរង្វង់មូលព្រះសិវៈ ទៅកាន់រង្វង់មូលរាម ភ្ជាប់ផ្លូវជាតិ លេខ៤ និងបានខួងបេទីម យកមកពិនិត្យគុណភាពនៃការអ៊ុត ថាតើវាត្រូវតាមលក្ខណៈបច្ចេកទេសដែរឬទេ ។

លោក ស៊ូ សំពិសិដ្ឋ ប្រធានការដ្ឋាន CCES Engineering Services Co,LTD បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលអ៊ុតបេទីមផ្លូវចំនួន ៥ខ្សែ ដែលចាប់ផ្ដើម បើកការដ្ឋានអ៊ុតបេទីមកាលពីថ្ងៃ០២ ខែធ្នូ ឆ្នាំ២០២០កន្លងមក គ្រោងនឹងបញ្ចប់នៅពាក់កណ្តាល ខែកុម្ភៈឆ្នាំ២០២១ខាងមុខ នៅលើផ្លូវទាំង ៥ខ្សែ ប្រកបដោយបរិ មាណ គុណភាព និងសោភ័ណភាពតាមលក្ខណៈបច្ចេកទេស ។

សូមបញ្ជាក់ថា ការអ៊ុតបេទីមលើកំណាត់ផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានកម្រាស់ ០,០៧ម៉ែត្រ ពីលើបេតុងចាក់រួចមានកម្រាស់ ០,២៥ម៉ែត្រ ៕


ដោយ ៖ ងូ សុមុនី

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ

ចំនួនអ្នកទស្សនា: Views

 



ប៉ៃលិន៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងអារម៉េ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញ សេដ្ឋកិច្ច នៅពេលដែលយើងស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះជាប់ព្រំដែនកម្ពុជា-ថៃ ដែលផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅទីផ្សារ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការ ស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើ ប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវក្រវាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបេតុងអារម៉េ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកា អភិវឌ្ឍន៍ខេត្ត៕វិទ្យុជាតិកម្ពុជា៖លោកញ៉ឹប បូរី

Saturday, December 26, 2020

សម្តេចតេជោ ហ៊ុន សែន និងការប្រឹងប្រែងកសាង ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោត

ចំនួនអ្នកទស្សនា: Views

 

ក្នុងនោះបញ្ជីឈ្មោះបោះឆ្នោតតែងជាចំណោទបញ្ហាផងដែរ។ ដូចជាករណីឈ្មោះដូចគ្នា ឈ្មោះជាន់គ្នានៅលើបញ្ជីឈ្មោះបោះឆ្នោត។ អ្នកបោះឆ្នោតខ្លះមានឈ្មោះនៅទីនោះផង ហើយនៅទីផ្សេងទៀត។ អ្នកខ្លះលើកឡើងថា ពេលជិតដល់បោះឆ្នោតដឹកមនុស្សពីនេះ ពីនោះមកបោះឆ្នោតជាដើម។

ដោយចង់លុបបំបាត់បញ្ហាប្រទូស្តរាយផ្នែកទស្សនៈលើលទ្ធផលបោះឆ្នោតជាតិម្តងៗនោះ។ នៅក្រោយវិបត្តិធ្ងន់ធ្ងរលើការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តួចផ្តើមគំនិតធ្វើកំណែទម្រង់បោះឆ្នោត ក្នុងនោះរាប់ទាំងការកែលម្អលើបញ្ជីឈ្មោះបោះឆ្នោតផងដែរ។

ក្នុងដំណើរអញ្ជើញទៅប្រទេសជប៉ុន នៅអំឡុងខែធ្នូ ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋាភិបាលជប៉ុនផ្តល់ទាំងជំនួយថវិកា គំនិត និងបច្ចេកទេស ដើម្បីកែលម្អបញ្ជីឈ្មោះបោះឆ្នោត និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត។ តាមសំណើ និងឆន្ទៈនេះ រដ្ឋាភិបាលជប៉ុន និងសហភាពអឺរ៉ុប បានផ្តល់ជំនួយប្រមាណ ៥លាន ៥សែនដុល្លារ ដើម្បីការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត រួមទាំងប្រព័ន្ធចុះឈ្មោះបោះឆ្នោតផងដែរ។ ទីបំផុតទៅប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោតដោយប្រើជាមួយបច្ចេកវិទ្យាទំនើបមួយត្រូវបានលេចចេញជារូបរាងឡើង និងដាក់ឱ្យប្រើប្រាស់សម្រាប់ការចុះបញ្ជីឈ្មោះឆ្នោតជាលើកដំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។

កម្ពុជា បានសម្រេចលុបចោលបញ្ជីឈ្មោះអ្នកបោះឆ្នោតចាស់ ហើយតម្រូវឱ្យពលរដ្ឋគ្រប់អាយុបោះឆ្នោតចាប់ពីអាយុ ១៨ឆ្នាំឡើង ត្រូវទៅចុះឈ្មោះបោះឆ្នោតជាថ្មី ដោយប្តូរពីការចុះឈ្មោះដោយដៃ មកប្រើប្រព័ន្ធបច្ចេកវិទ្យាជំនួសវិញ។

ក្នុងពេលអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាមួយប្រព័ន្ធថ្មីនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅការិយាល័យចុះឈ្មោះបោះឆ្នោតនាក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្លួនខ្ញុំផ្ទាល់បានស្នើសុំទៅលោក ស៊ិនហ្សូ៊ អាបេ របស់ជប៉ុន។ ស្នើសុំឱ្យមានការកែទម្រង់ការបោះឆ្នោតក្នុងនោះ គឺប្រព័ន្ធចុះឈ្មោះបោះឆ្នោតសារជាថ្មីឡើងវិញនេះ ដើម្បីធានាឱ្យការបោះឆ្នោតនេះ បញ្ជីបោះឆ្នោតមានសុក្រឹត្យភាព ហើយកុំឱ្យបក្សនយោបាយខ្លះចេះតែប្រើពាក្យថា បាត់មនុស្ស ឬក៏ខុសនេះខុសនោះ។ យើងចង់ឱ្យមានសុក្រឹត្យភាពច្បាស់លាស់»។

ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដែលភ្ជាប់ដោយប្រព័ន្ធបច្ចេកវិទ្យានេះ បានជួយអ្វីខ្លះដល់ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត?

ប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីនេះ គឺសំខាន់ណាស់សម្រាប់ការគ្រប់គ្រងវត្តមានរបស់អ្នកបោះឆ្នោត និងជួយលុបបំបាត់នូវការលើកឡើងថា មនុស្សម្នាក់អាចទៅបោះឆ្នោតនៅច្រើនកន្លែង និងបញ្ហាឈ្មោះស្ទួនជាដើម។ ប្រព័ន្ធថ្មីបានបង្កើតនូវភាពសុក្រឹតមួយលើទិន្នន័យរបស់អ្នកបោះឆ្នោត ដោយប្រព័ន្ធនេះមិនអនុញ្ញាតឱ្យមានឈ្មោះស្ទួននោះឡើយ ពោលមនុស្សម្នាក់អាចមានឈ្មោះតែមួយប៉ុណ្ណោះនៅក្នុងប្រព័ន្ធ។ បើអត្តសញ្ញាណដូចគ្នា គឺប្រព័ន្ធមិនអនុញ្ញាតឡើយ។

ប្រព័ន្ធថ្មីជួយសម្រួលឱ្យអ្នកបោះឆ្នោតអាចតាមដានឈ្មោះរបស់ពួកគេនៅក្នុងប្រព័ន្ធដោយងាយស្រួល។ អ្នកមានបញ្ហាលើបញ្ជីឈ្មោះរបស់ខ្លួន អាចតវ៉ាបានជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជារៀងរាល់ឆ្នាំ នៅពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត ឬពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនោះ។

ប្រព័ន្ធថ្មី ក៏ជួយគណៈកម្មាធិការជាតិ តាមដានបានច្បាស់លាស់នូវការបំលាស់ទី អ្នកទទួលមរណភាពជាដើម ហើយឈានទៅលុបឈ្មោះចេញពីបញ្ជីជាដើម។ និយាយជារួមប្រព័ន្ធបញ្ជីឈ្មោះបោះឆ្នោតថ្មីភ្ជាប់ដោយបច្ចេកវិទ្យានេះ បានធ្វើឱ្យមានភាពច្បាស់លាស់ និងសុក្រឹតលើទិន្នន័យរបស់អ្នកបោះឆ្នោត ដែលជួយផ្តល់ទំនុកចិត្តនៅពេលបោះឆ្នោតដោយមិនមានការលើកឡើងថា មនុស្សម្នាក់បោះបានច្រើនដង ឬច្រើនកន្លែងនោះ។

ការកសាងបានបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដ៏ច្បាស់លាស់នេះ ជាកិច្ចខិតខំដ៏ខ្លាំងក្លាមួយរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏ជាការធ្វើកំណែទម្រង់ដ៏ធំផងដែរ ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីនាំមកនូវទំនុកចិត្តលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងបញ្ចៀសបាននូវបញ្ហាខ្វែងគំនិត និងទស្សនៈ ដែលតែងកើតមានរាល់ពេលបោះឆ្នោតនៅកម្ពុជានោះ។

ការផ្តួចផ្តើមកសាងប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធបច្ចេកវិទ្យានេះ នៅឆ្នាំ២០១៩ អង្គការខុមហ្វ្រែល បានវាយតម្លៃថា បញ្ជីឈ្មោះបោះឆ្នោតនៅកម្ពុជា មានភាពល្អប្រសើររហូតដល់ទៅ ៩៩.៧ភាគរយ។

ចេញពីការកសាងបញ្ជីឈ្មោះបោះឆ្នោតដ៏ល្អនេះ បានកសាងទំនុកចិត្តដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ផងដែរ។ អាចនិយាយបានថា ក្រោយការកសាងបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដ៏ច្បាស់លាស់ និងត្រឹមត្រូវលែងនាំឱ្យមានបាតុភាព ឬការតវ៉ានៅក្រោយការបោះឆ្នោតសម្រាប់ឆ្នាំ២០១៧ និង២០១៨។

ចាប់តាំងពីឆ្នាំ២០១៦មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតជារៀងរាល់ឆ្នាំ ដោយការចុះឈ្មោះអ្នកគ្រប់អាយុ លុបឈ្មោះ និងកែទិន្នន័យរបស់អ្នកបានចុះហើយមួយចំនួន។

នៅឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា។

ដំណើរចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោតរយៈពេល១៩ថ្ងៃនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៦៨,៥៥៣នាក់ ស្មើនឹង ៨៩.៤០ភាគរយ បើធៀបទៅនឹងផែនការអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងចំនួនប្រមាណ ៣០០,៣៩០នាក់។

ជាមួយគ្នានេះ គ.ជ.ប បានសម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតចំនួន ១៥២,០០៤នាក់ កែតម្រូវទិន្នន័យចំនួន ៩២,៨២២នាក់ និងអ្នកផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី ចំនួន ៨៨,៨៤៦នាក់។

មកដល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ហើយបានចុះឈ្មោះបោះឆ្នោតមានចំនួន ៨,៨៣១,៩៨៨នាក់៕