-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 17, 2021

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ហើយដែលអាចនឹងនាំឱ្យកម្ពុជាឆ្លងផុតបន្ទាត់ក្រហម

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ: ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយដែលអាចនឹងនាំឱ្យកម្ពុជាឈានហួសបន្ទាត់ក្រហម។

ក្នុងសារតាមរយៈបណ្តាញសង្គមធ្វីតធើ (Twitter) កាលពីរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «យើងបានរកឃើញវីរុសបំប្លែងថ្មីប្រភេទ ដែលតា ជាបន្តបន្ទាប់ ខណៈ អាល់ហ្វា វិញ បាននិងកំពុងចរាចរយ៉ាងសកម្មរួចទៅហើយ។ កាលពីម្សិលមានអ្នកស្លាប់ ២៧នាក់បន្ថែមទៀត ហើយបើសិនជាយើងនៅតែមិនខិតខំអនុវត្តវិធានការការពារទេនោះ សោកនាដកម្មនៃសុខភាពសាធារណៈ អាចនឹងកើតឡើងក្នុងពេលខាងមុខហើយ ហើយយើងក៏អាចនឹងប្រឈមនឹងការឆ្លងផុតបន្ទាត់ក្រហមផងដែរ»។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏សូមអំពាវនាវដ៏ទទូច សូមបងប្អូនចូលរួមអនុវត្តវិធានការការពារឱ្យបានទាំងអស់គ្នា។

តាមរយៈបណ្តាញសង្គមធ្វីតធើផងដែរ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងពីកង្វល់ដែលថា ការបន្តរកឃើញករណីនាំចូលវីរុសកូវីដ-១៩ អាចនឹងនាំឱ្យមានការឆ្លងបន្តទៅក្នុងសហគមន៍។

លោកស្រីបានបន្ថែមថា វីរុសដែលតានេះ អាចឆ្លងបានរហ័សណាស់ និងអំពាវនាវដល់គ្រប់គ្នា ត្រូវតែធ្វើសកម្មភាពឱ្យបានលឿន និងដោយទទួលខុសត្រូវ ដើម្បីទប់ទល់នឹង ដែលតា ក៏ដូចជាអាល់ហ្វា។

សូមបញ្ជាក់ផងដែរថា លោកជំទាវ ឱ វណ្ណឌីន តែងតែព្រមានជារឿយៗ ពីគ្រោះថ្នាក់នៃការឆ្លងផុតបន្ទាត់ក្រហម ដែលអាចនឹងនាំឱ្យមានបញ្ហាធ្ងន់ធ្ងរជាងពេលនេះ និងការរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ ដោយមិនដឹងប្រភពចម្លង និងមិនអាចគ្រប់គ្រងបាន ហើយករណីមរណភាពក៏នឹងកើនឡើងច្រើនជាងនេះ បើនិយាយពីការលំបាកវិញនឹងមានច្រើនជាងនេះរាប់មិនអស់នោះទេ ហើយនឹងបន្តនៅរយៈពេលយូរទៀត។

គួររម្លឹកផងដែរថា កាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា នៅថ្ងៃទី០៧ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ហើយជាសរុប មានការរកឃើញវីរុសដែលតានេះចំនួន ៧៥នាក់ហើយ ហើយមួយចំនួនក៏បានព្យាបាលជាសះស្បើយហើយដែរ។

វីរុសដែលតា មានសមត្ថភាពឆ្លងលឿនជាងប្រហែល១៥ដង ហើយវីរុសអាល់ហ្វាវិញប្រហែល ៥ទៅ៧ដង នៃវីរុសកូវីដ-១៩ធម្មតាដែលមិនទាន់បំប្លែងខ្លួន ហើយវីរុសទាំងពីរនេះនឹងធ្វើឱ្យសុខភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរខ្លាំង៕

ដោយ ផែន រតនៈ, សម្រួលផ្សាយ៖ កន ចំណាន

0 comments:

Post a Comment