ឯកឧត្តម ចាយ បូរិន សមាជិករដ្ឋសភា និងក្រុមគ្រួសារ បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជាទូទំាងប្រទេស ដែលទើបទទួលបានសមិទ្ធផលថ្មី ជាប្រវត្តិសាស្រ្ត គឺតំណក់ប្រេងដំបូង ដែលកើតមានឡើងនៅក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តម បានលើកឡើងថា តំណក់ប្រេងដំបូងកម្ពុជាទទួលបាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានលេចឡើងស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា នាំមកនូវសុខសន្តិភាព ពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូល នៅក្នុងរយៈពេល២២ឆ្នាំមកនេះ។
ឯកឧត្តម មានប្រសាសន៍ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួល បានតំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេស កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ដែលធ្វើឱ្យ ប្រទេសជាតិកាន់តែរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែធូរធារឡើង។
អ្នកតំណាងរាស្រ្តរូបនេះ បានបន្តថា សន្តិភាពក្រោមការដឹកនាំរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើ សមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់ យូរលង់ណាស់មកហើយ។
ក្នុងនាមជាអ្នកតំណាងរាស្រ្ត ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទំាងប្រទេស អរគុណសន្តិភាព និងគោរពដឹងគុណជានិច្ច ចំពោះបិតាស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ។ ពលរដ្ឋនៅទូទំាងប្រទេសប្តេជ្ញាចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមក ដោយលំបាកនិងដោយពលីកម្មដ៏ធំធេងរបស់សម្តេចនាយករដ្ឋមន្រ្តី ឱ្យបានគង់វង្ស ដើម្បីកម្ពុជាទទួលបានការអភិវឌ្ឍឥតឈប់ឈរជារៀងរហូតទៅ៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣០- ១២ -២០២០
0 comments:
Post a Comment