ប៉ៃលិន៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងអារម៉េ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រជាដើម។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញ សេដ្ឋកិច្ច នៅពេលដែលយើងស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះជាប់ព្រំដែនកម្ពុជា-ថៃ ដែលផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅទីផ្សារ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការ ស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើ ប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា៖ ផ្លូវក្រវាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបេតុងអារម៉េ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកា អភិវឌ្ឍន៍ខេត្ត៕វិទ្យុជាតិកម្ពុជា៖លោកញ៉ឹប បូរី
0 comments:
Post a Comment