AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០
ឯកឧត្ដម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា នៅវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃអង្គារ ១៥ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងចំណុចសំខាន់ៗផ្សេងទៀត ពីគេហដ្ឋានរបស់សម្ដេចតេជោ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
គួបញ្ជាក់ដែរថា បើតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩ ចំនួន០៤នាក់ បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះទេ។ ដូច្នេះមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣៦៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៤នាក់៕
0 comments:
Post a Comment