AKP ភ្នំពេញថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០ – រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ី លោក Mikhail Murashko បាននិយាយប្រាប់ទូរទស្សន៍ Rossiya 24 កាលពីថ្ងៃសៅរ៍ថា ក្រសួងសុខាភិបាលរបស់រុស្ស៊ីបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sputnik V សម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយដល់ប្រជាជនដែលមានអាយុលើសពី ៦០ឆ្នាំ។
លោកបាននិយាយថា «ក្រសួងសុខាភិបាលបានអនុម័តទៅលើការធ្វើវិសោធនកម្មលើសេចក្តីណែនាំសម្រាប់ការប្រើប្រាស់ផ្នែកវេជ្ជសាស្រ្ត។ វ៉ាក់សាំង Sputnik V ត្រូវបានអនុម័តសម្រាប់ការចាក់ឱ្យប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ដោយហេតុនេះ ពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំ ឥឡូវនេះអាចទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងការឆ្លងមេរោគថ្មីនេះដែរ។ ការចាក់វ៉ាក់សាំងនេះកំពុងដំណើរការនៅគ្រប់តំបន់ទាំងអស់របស់ប្រទេសរុស្ស៊ី»។
លោក Murashko ក៏បានកត់សម្គាល់ផងដែរថា ការវាយតម្លៃរបស់អ្នកជំនាញបានបង្ហាញអំពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងនេះសម្រាប់មនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១០ ខែធ្នូ។ នៅថ្ងៃទី ១៤ ខែធ្នូ លោក Murashko បាននិយាយថា វ៉ាក់សាំងនេះត្រូវបានបញ្ជូនទៅគ្រប់តំបន់ទាំងអស់ដែលជាផ្នែកមួយនៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ៕
(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)
0 comments:
Post a Comment