-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, November 2, 2024

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានអញ្ជើញជាអធិបតីភាព ប្រកាសបើកយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៤។

ពិធីនេះបានប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ដែលមានអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, ក្រសួងអប់រំ, រដ្ឋបាលរាជធានីភ្នំពេញ, លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត និងក្រុមកាងារ រួមទាំងសិស្ស-និស្សិត និងតារាសម្ដែងជាច្រើននាក់ទៀតផងដែរ។

លោក ហៃ ភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត បានថ្លែងឱ្យដឹងថា «យុទ្ធនាការភ្នំពេញស្អាត» គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដែលបង្កើតឡើងក្នុងគោលបំណង ជំរុញការផ្លាស់ប្តូរ និងលើកកម្ពស់វិស័យបរិស្ថាន ប្រកបដោយនិរន្តរភាព នៅកម្ពុជា។

លោកបន្ដថា «ភ្នំពេញស្អាត ជាយុទ្ធនាការ ដែលលើកកម្ពស់ការអភិវឌ្ឍន៏ផ្ទាល់ខ្លួនរបស់យុវជន ហើយបន្ថែមពីលើនោះក៏បង្ហាញអំពីសារៈសំខាន់ នៃការយល់ដឹង ពីបញ្ហាប្រឈម និងដំណោះស្រាយក៏ដូចជាការបង្កើតអាជីវកម្ម ដែលមានចីរភាពក្នុងវិស័យបរិស្ថានតាមរយៈ ព្រឹត្តិការណ៍ជាច្រើន ដែលមានដូចជា ចិត្តស្អាត ស្អាតបុណ្យអុំទូក ជំរុំស្អាត និងស្អាតធុរកិច្ច»។

ព្រឹត្តិការណ៍ទាំងអស់នេះ បានជំរុញឱ្យមានការរួមបញ្ចូលយុវជន អ្នកដឹកនាំសហគមន៍ អ្នកជំនួញ និងសាធារណជនទូទៅចូលរួមទាំងអស់គ្នា ដើម្បីរួបរួមក្នុងស្មារតីសាមគ្គីភាព ក្នុងការកសាងសង្គមជាតិប្រកបដោយ ចិត្តវិជ្ជមាន និងសុចរិតភាពក្នុងការទទួលខុសត្រូវសម្រាប់បរិស្ថាន។

លើសពីនោះយុទ្ធនាការភ្នំពេញស្អាត មិនត្រឹមតែជំរុញ ការអភិវឌ្ឍផ្នត់គំនិត និងទំនួលខុសត្រូវក្នុងវិស័យបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែយុទ្ធនាការនេះ ក៏ជួយកែលំអទៅលើសហគមន៍ ក៏ដូចជាលើកកម្ពស់សោភណភាពទីក្រុង ឱ្យក្លាយជាគំរូអាជីវកម្មដែលមានចីរភាព និង ការទទួលខុសត្រូវខ្ពស់លើបញ្ហាបរិស្ថាន។ ការបញ្ជាក់បន្ថែមរបស់លោក ហៃ ភិរម្យ។

ថ្លែងក្នុងឱកាសប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងកោតសរសើរដល់កិច្ចខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធទាំងអស់ និងបានជំរុញទឹកចិត្ដឱ្យក្រុមការងារទាំងអស់ ខិតខំបន្ដលើកិច្ចការងារនេះ និងត្រូវរកអ្វីដែលថ្មី ហើយទាក់ទាញ ធ្វើការផ្សព្វផ្សាយជូនដល់ប្រជាជនឱ្យបានជ្រាបកាន់តែច្បាស់ និងចូលរួមឱ្យបានទាំងអស់ ដើម្បីទីក្រុងយើងស្អាត គ្មានសំរាម និងមានសោភណ្ឌភាពស្រស់ស្អាត ទាក់ទាញដល់ភ្ញៀវទេសចរណ៍។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងបន្ដថា ឆ្នាំ២០២៤នេះ ជាគម្រប់ឆ្នាំទី៨ នៃការបង្កើតគម្រោងស្អាត ដែលបានបង្ហាញភាពអស្ចារ្យ និងភាពជោគជ័យនៃក្រុមយុវជនគម្រោងស្អាត ព្រមទាំងមានការចូលរួមសហការពីស្ថា ប័នរដ្ឋ វិស័យឯកជន ។ដូច្នេះយុទ្ធនាការភ្នំពេញស្អាតនេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកន្លងមក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ៕

0 comments:

Post a Comment