(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ២៤០ វិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ឈានចូល ព.ស.២៥៦៨។
ពិធីនោះផងដែរ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។
ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ការរៀបចំពិធីចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។
សម្តេចកិត្តិសង្គហបណ្ឌិត សម្តែងនូវសេចក្តីរីករាយ អំណរគុណចំពោះសាមគ្គីភាពជាធ្លុង មួយរវាងថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ក្នុងការបំពេញ ភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែងចេញ តាមរយៈតំណាងនៃការអញ្ជើញ ចូលរួមក្នុងពិធី សូត្រមន្ត បង្សុកូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នាវេលាដ៏ត្រចះត្រចង់នេះ៕
0 comments:
Post a Comment