-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, January 17, 2023

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអនុប្រធានាធិតី ប្រធានរដ្ឋសភា ប្រធានតុលាការកំពូល និងរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ:ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ នារសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម Faisal Naseem អនុប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តមMohamed Nasheed ប្រធានរដ្ឋសភា នៃសាធារណរដ្ឋម៉ាល់ឌីវ ឯកឧត្តមAhmed Muthasim Adnan ប្រធានតុលាការកំពូល នៃសាធារណរដ្ឋម៉ាល់ឌីវ និងឯកឧត្តមAbdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ។ នេះបើតាមការឱ្យដឹងរបស់អ្នកយព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា។

ក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ នៃប្រទេសម៉ាល់ឌីវ ក្នុងនាមជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ ក្នុងឆ្នាំដែលពិភពលោក បានជួបប្រទះនូវបញ្ហាប្រឈម គួរឱ្យព្រួយបារម្ភជាច្រើន។ សម្តេចតេជោបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋម៉ាល់ឌីវ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព ឧស្សាហកម្មទេសចរណ៍រឹងមាំ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនម៉ាល់ឌីវ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសម៉ាល់ឌីវនៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ម៉ាល់ឌីវ ត្រូវបានពង្រឹងនិងពង្រីកឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលនាំមកនូវផល ប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ ចំពោះការបន្តរក្សាបាននូវស្ថិរភាព នយោបាយនៅក្នុងប្រទេសម៉ាល់ឌីវ ចាប់តាំងពីក្រោយការបោះឆ្នោតសកល កាលពីខែកញ្ញា ឆ្នាំ២០១៨ ដែលជាកត្តាចំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពង្រឹងទំនុកចិត្តផ្នែកធុរកិច្ច ជាពិសេសភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅម៉ាល់ឌីវ។

ឯកឧត្តម Faisal Naseem អនុប្រធានាធិបតី ឯកឧត្តមMohamed Nasheed ប្រធានរដ្ឋសភាឯកឧត្តម Ahmed Muthasim Adnan ប្រធានតុលាការកំពូល និងឯកឧត្តម Abdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល់ នៃសាធារណរដ្ឋម៉ាល់ឌីវ។

មេដឹកនាំទាំងអស់ បានចាត់ទុកថា សម្តេចតេជោគឺជាប្រមុខដឹកនាំជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចប្រទេសដែនកោះនេះ។ នៅក្នុងជំនួបដាច់ដោយឡែកពីគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងបណ្តាថ្នាក់ដឹកនាំកំពូលៗរបស់ម៉ាល់ឌីវ បានពិភាក្សាយ៉ាងស៊ីជំរៅ ទាក់ទិនទៅនឹងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសបានសម្ដែងនូវការរីករាយ និងកត់សម្គាល់ថា កម្ពុជា-ម៉ាល់ឌីវ មានកិច្ចសហប្រតិបត្តិការគ្នាល្អ និងបានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិ។

មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តសម្របសម្រួលគោលជំហរ និងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ក្នុងវេទិកាតំបន់ និង អន្តរជាតិនានា ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។

នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តម Faisal Naseem អនុប្រធានាធិបតី ឯកឧត្តមMohamed Nasheed ប្រធានរដ្ឋសភាឯកឧត្តម Ahmed Muthasim Adnan ប្រធានតុលាការកំពូល និងឯកឧត្តម Abdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បញ្ចប់ទៅប្រកបដោយលទ្ធផលដ៏យត្រចះត្រចង់បំផុត ពិសេសផ្តល់នូវមោទនភាពជាតិរបស់កម្ពុជា លើឆាកអន្តរជាតិ។ បណ្តាមេដឹកនាំគ្រប់ស្ថាប័នទាំងអស់ នៃប្រទេសម៉ាល់ឌីវ បានអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនាឆ្នាំ២០២២ និងបានចាត់ទុកដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅម៉ាល់ឌីវ ជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រនិងជាកត្តាជំរុញដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។

ឯកឧត្តម Faisal Naseem អនុប្រធានាធិបតី ឯកឧត្តមMohamed Nasheed ប្រធានរដ្ឋសភាឯកឧត្តម Ahmed Muthasim Adnan ប្រធានតុលាការកំពូល និងឯកឧត្តម Abdulla Shahid រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ បានទទួលយកនូវការគោរពអញ្ជើញពីសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ក្នុងពេលវេលាដ៏សមស្របនាពេលខាងមុខ៕ដោយ៖ ជឹម ណារី, ផ្សាយដោយ៖ កន ចំណានសម្រួលដោយដារ៉ា

0 comments:

Post a Comment