-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 18, 2023

ខេត្តប៉ៃលិន-ខេត្តចន្ទបុរីពិភាក្សាគ្នាពីការពង្រឹងមិត្តភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនៅតាមព្រំដែន

ចំនួនអ្នកទស្សនា: Views


     
(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយប្រតិភូយោធាថៃ ដឹកនាំដោយលោកវរសេនីយ៍ទោ មេត្រី ពុទ្ធបុរី (Maitree Butburi) មេបញ្ជាការសឹករងខេត្តចន្ទបុរី ដើម្បីពង្រឹងចំណងមិត្តភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅតាមបណ្តោយព្រំដែនខេត្តទាំងពីរ។

លោកស្រី បាន ស្រីមុំ បានថ្លែងថា ប្រទេសទាំង២មានយន្ដការកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ដូចជាគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង២ជាប្រធាន និងគណៈកម្មាធិការកំណត់ព្រំដែនកម្ពុជា-ថៃ (JBC) ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាព និងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំង២។

លោកស្រីបានបន្តថា នាពេលកន្លងមក កងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ គឺជាអ្នកនាំមុខក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីនាំមកនូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ជាការឆ្លើយតប លោកវរសេនីយ៍ទោ មេត្រី ពុទ្ធបុរី បានលើកឡើងអំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃខេត្តទាំងពីរ ក្នុងការកសាងនិងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកមេបញ្ជាការខងភាគីថៃក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗ ដែលកងទ័ពខេត្តប៉ៃលិន-ខេត្តចន្ទបុរី សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខនៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនា ស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតល្មួត។

លោកស្រីអភិបាលខេត្ត បាន ស្រីមុំ ក៏បានកោតសសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងយោធាថៃ ខេត្តចន្ទបុរី ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេលកន្លងមក បើទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏សកម្មភាពការទំនាក់ទំនង និងកិច្ចសហការនានារវាងខេត្តទាំងពីរនៅតែមានដំណើរការធម្មតា។

លោកស្រី បាន ស្រីមុំ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលនេះបានបង្ហាញពីចំណងទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២៕

0 comments:

Post a Comment