(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង លោក ខេល្លឺ អ័រ ចនសុន ប្រធានគណៈកម្មាធិការជំនួយមនុស្សធម៌របស់សាសនាចក្រប្រចាំតំបន់អាស៉ី ក្រុមការងារសាសនាចក្រ បានអញ្ជើញចូលរួម បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន នៅរសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ ។
លោក ស្រេង សេងហ៊ាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេបមន្ទីរពេទ្យនេះមានផ្ទៃដីទំហំពីរហិចតា និងបានចាប់ផ្ដើមផ្ដល់សេវាថែទាំពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្នហើយមន្ទីរពេទ្យបង្អែកនេះ គឺជាមន្ទីរពេទ្យកម្រិត ។
លោកបានបន្តទៀតថា នៅចុងឆ្នាំ២០២២នេះ មន្ទីរពេទ្យបង្អែកខេត្តបានសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទចុងក្រោយបានជួយឧបត្ថម្ភសម្ភារៈបរិក្ខារ និងជួសជុលកែលម្អសោភ័ណភាពដើម្បីប្រើប្រាស់ជាប្រយោជន៍ជូនប្រជាពលរដ្ឋដែលបានមកទទួលសេវាចំណាយទឹកប្រាក់សរុបចំនួន ១.៤៣៩.០០០ ដុល្លារ ។
លោក ខេល្លឺ អ័រចនសុន បានលើកឡើងថា ថវិកាទាំងអស់នេះ គឺជាការលះបង់មិនទទួលទានអាហារមួយថ្ងៃពីពេលរបស់បរិស័ទនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទចុងក្រោយ ដើម្បីយកមកជួយដល់សង្គមហើយប្រជាជនគ្រប់រូបមិនថាពូជសាសន៍ណានោះទេ គឺជាបងប្អូននឹងគ្នាអាចរស់នៅជាមួយគ្នាបាន និងលើកកម្ពស់សុខភាពដល់ពួកគាត់ឲ្យបានល្អប្រសើរ ។
លោក ងួន រតនៈ បានលើកឡើងថា នេះគឺជាភ័ព្វសំណាងដ៏ធំធេងសម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដែលបានទទួលជំនួយសប្បុរសធម៌ពីសមាគមនិកាយសាសនាចក្រព្រះយេស៊ូគ្រីស្ទនៃពួកបរិស័ទចុងក្រោយ និងបានថ្លែងអំណរគុណដល់សមាគមដែលជួយឧបត្ថម្ភគាំទ្រការគិតគូរអំពីសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋតាមការណែនាំ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែណែនាំឱ្យក្រុមការងារជួយមើលថែទាំសុខភាព និងសុខមាលភាព ចុះឱ្យកៀកប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណ:សេវាចាំបាច់ធ្វើឱ្យបានលឿន តម្លាភាពធ្វើឱ្យមានប្រសិទ្ធភាព ។
លោកបានបន្ថែមទៀតថា កាលណាយើងទទួលបានមន្ទីរពេទ្យស្រស់ស្អាតមានឧបករណ៍គ្រប់គ្រាន់នោះការបម្រើសេវាកម្មព្យាបាលក៏ទទួលបានលទ្ធផលល្អដែរដូច្នេះហើយ នេះគឺជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តកំពង់ធំក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋទាន់ពេលវេលា៕
0 comments:
Post a Comment