-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 23, 2021

របាយការណ៍ Open Doors ឆ្នាំ ២០២១៖ ចំនួននិស្សិតកម្ពុជា សិក្សានៅសហរដ្ឋអាមេរិកបន្តកើនឡើង ទោះបីមានជំងឺរាតត្បាតកូវីដ១៩

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ :ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

យោងតាមរបាយការណ៍ថ្មី របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹងថា ចំនួននិស្សិតកម្ពុជា ដែលបានសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក នាឆ្នាំសិក្សា ២០២០-២០២១ មានកំណើនចំនួន ១៤,៣ភាគរយ លើសឆ្នាំកន្លងទៅ។

តាមរបាយការណ៍របស់ Open Doors ឆ្នាំ ២០២១ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឱ្យឃើញថា និស្សិតកម្ពុជាចំនួន ៨៤៨ នាក់ បានសិក្សានៅមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក ដោយមានកំណើនលើសពីចំនួន ៧៤២ នាក់ កាលពីឆ្នាំ ២០១៩-២០២០។ កំណើននេះ បន្តនូវនិន្នាការជាវិជ្ជមាន ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ថា “យើងមានមោទនភាពដែលមាននិស្សិតកម្ពុជាច្រើនជ្រើសយកការសិក្សានៅក្នុងសហរដ្ឋអាមេរិក។ តាមបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំដឹងថា ការសិក្សានៅបរទេសផ្តល់អត្ថប្រយោជន៍ច្រើន ធ្វើឱ្យជីវិតមានការផ្លាស់ប្តូរ។ វាជាដំណឹងដ៏រីករាយដែលឃើញថានិស្សិតកម្ពុជាផ្តល់តម្លៃយ៉ាងខ្លាំងដល់ការអប់រំនៅថ្នាក់ឧត្តមសិក្សារបស់អាម៉េរិក”។

ឯកឧត្ដមបានបន្ដថា និស្សិតកម្ពុជាដែលបានជ្រើសរើសយកការអប់រំនៅថ្នាក់ឧត្តមសិក្សារបស់អាម៉េរិក គឺជាមធ្យោបាយដ៏មានសារៈសំខាន់មួយ ក្នុងការទទួលបាននូវជំនាញថ្មីៗ ចំណេះដឹង និងបទពិសោធន៍សម្រាប់ជំរុញបន្ថែមនូវការអភិវឌ្ឍក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងរបាយការណ៍បានលើកឡើងថា សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតចំនួន ៩១៤ ០៩៥ សិក្សា នៅឆ្នាំ ២០២០-២០២១។ ការរាតត្បាតនៃជំងឺកូវីដ ១៩ ជាចំណែកមួយធ្វើឱ្យចំនួននិស្សិតមានការធ្លាក់ចុះចំនួន ១៥ភាគរយ ពីចំនួននៃឆ្នាំ ២០១៩-២០២០ តែចំនួននិស្សិតកម្ពុជាដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក មានកំណើនទៅវិញ។

បើតាមឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ថែមថា ស្ថានទូតអាម៉េរិកនៅកម្ពុជាជំរុញឱកាសសិក្សានៅក្នុងសហរដ្ឋអាមេរិក សម្រាប់ប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលអប់រំអាម៉េរិក EducationUSAនិង American Spaces មានទីតាំងនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ស្ថានទូតអាម៉េរិក ក៏មានផងដែរ នូវមជ្ឈមណ្ឌលឯកសារឌីជីថលថ្មីមួយទៀតផងដែរ ដែលមានឈ្មោះជាអង់គ្លេសថា AmCam Exchange មានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ភ្នំពេញ។

ឯកឧត្ដម W. Patrick Murphy បានចាត់ទុកថា ការអប់រំអន្តរជាតិ លើកកម្ពស់នូវទំនាក់ទំនងយូរអង្វែង ហើយនិងការផ្លាស់ប្តូរចំណេះដឹង រវាងសហគមន៍ក្នុងសហរដ្ឋអាមេរិក និងប្រទេសនានា នៅទូទាំងសកលលោក។ លើសពីនេះទៀត និស្សិតអន្តរជាតិធ្វើឱ្យថ្នាក់រៀន សាលារៀន និងសហគមន៍មានភាពចម្រុះច្រើន ហើយភាពចម្រុះនេះបន្តមានយូរអង្វែង បន្ទាប់ពីពួកគេត្រឡប់ទៅមាតុភូមិវិញ។

សូមជម្រាបជូនថា របាយការណ៍ Open Doors នេះ ត្រូវបានបោះពុម្ពផ្សាយរាល់ឆ្នាំ ដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយសហការជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិក៕

ដោយ រិទ្ធី ប្រភព៖ ស្ថានទូតអាម៉េរិក

0 comments:

Post a Comment