(កំពង់ធំ)៖ ពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៅព្រឹកថ្ងៃអាទិត្យ ០២រោចខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១នៅខេត្តកំពង់ធំ។
ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ មានដូចតទៅ៖ ខិតខំពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ពីថ្នាក់ខេត្តដល់មូលដ្ឋាន និងកម្មវិធីនយោបាយរបស់គណបក្សដើម្បីគាំទ្រ និងចូលរួមការពារគណបក្សគ្រប់កាលៈទេសៈ ។ ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យសតិអារម្មណ៍ ដោយគាំទ្រ និងចូលរួមជាមួយអង្គ ការចាត់តាំងគណបក្សនៅមូលដ្ឋាន ក្នុងការឃោសនាអប់រំប្រជាជនពីសភាពការណ៍រីកចម្រើន។ ការចាត់តាំងបក្សនៅមូលដ្ឋាន ពិសេសថ្នាក់ឃុំ-សង្កាត់ ភូមិ ដើម្បីគ្រប់គ្រងពង្រឹង ពង្រីក សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ដោយធ្វើបច្ចុប្បន្នភាពសមាជិកបក្សជាប្រចាំ ។
ខិតខំកសាង និងពង្រឹងគណបក្សលើវិស័យហិរញ្ញវត្ថុ ដោយគាំទ្រ និងចូលរួមក្នុងការកៀរគរ មធ្យោបាយ សម្ភារ ថវិកាពីប្រភពស្របច្បាប់នានា ដើម្បីបំរើសកម្មភាពនយោបាយរបស់គណបក្ស ។ គាំទ្រចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន រៀបចំសកម្មភាពដើម្បីអនុវត្ត ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ។
ប្រសាសាន៍សំណេះសំណាល និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដោយក្នុងនោះឯកឧត្តមជា ចាន់តូត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់គណបក្ស និងធ្វើជាគំរូដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស ក៏ដូចមហាជនទូទៅ, ខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន សហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មូលដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស និងទទួលបានការគាំទ្របន្ថែមទៀតចំពោះ គណបក្ស ។
ជាចុងក្រោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្ដាំផ្ញើ ក្រុមការងារចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីបន្តអនុវត្តសម្រេចស្ដីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ខាងមុខនេះ ។
ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖dara
0 comments:
Post a Comment