-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, August 27, 2025

តម្រូវការអង្ករសកលសម្រាប់បរិភោគ និងសម្រាប់កែច្នៃនៅតែបន្តមាននិន្នាការកើនឡើង អាចដល់ ៥៤៩លានតោនក្នុងឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ទោះបីស្ថិតក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មតំបន់ និងសកស, វិស័យស្រូវអង្ករ នៅតែបានដើរតួនាទី យ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់សន្តិសុខស្បៀង, ចូលរួមរក្សានូវកម្រិតជីវភាពសមរម្យរបស់ប្រជាកសិករ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាក់ស្តែងតម្រូវការអង្ករសកលសម្រាប់បរិភោគ និងសម្រាប់កែច្នៃ នៅតែបន្តមាននិន្នាការកើនឡើង ពោលគឺកើនឡើងប្រមាណពី ៥២៩ លានតោនក្នុងឆ្នាំ២០២៣/២០២៤ ដល់ ៥៤០ លានតោនក្នុងឆ្នាំ ២០២៤/២០២៥ និងរំពឹងថានឹងកើនឡើងដល់ ៥៤៩លានតោន ក្នុងឆ្នាំ២០២៥/២០២៦។ នេះជាការលើកឡើងរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

លោកបន្ថែមថា យោងតាមទិន្នន័យ Food Outlook ឆ្នាំ២០២៥ របស់អង្គការស្បៀងអាហារ និងកសិកម្ម FAO, ដែលក្នុងនោះតំបន់អាស៊ី ដូចជា ប្រទេសចិន, ឥណ្ឌា, ឥណ្ឌូនេស៊ី, បង់ក្លាដេស, និងប្រទេសវៀតណាម មានតម្រូវការប្រើប្រាស់ប្រមាណ ៨០% នៃតម្រូវការប្រើប្រាស់សរុប និងប្រមាណ២០% នៅតំបន់អាម៉េរិក អ៊ឺរ៉ុប អាហ្រ្វិក និងអូសេអានី។

បន្ថែមពីនេះ, គិតត្រឹមខែកក្កដា ក្នុងឆ្នាំ២០២៥នេះ, ប្រទេសចិន បានប្រើប្រាស់អង្ករប្រមាណ ១៩២.៨ លានតោន, ឥណ្ឌា ១៤០.៣ លានតោន, ឥណ្ឌូនេស៊ី ៥១.៨ លានតោន, បង់ក្លាដេស ៤២.២លានតោន, ហ្វីលីពីន ២២.៥លានតោន និងវៀតណាមប្រមាណ ២២.៤ លានតោន (យោងតាមទិន្នន័យ Straits Research របស់ប្រទេសឥណ្ឌា)។

ប្រសិនបើក្រលេកមកមើលលើការផ្គត់ផ្គង់ស្រូវអង្ករវិញ, ក្នុងឆ្នាំ២០២៤ តំបន់អាស៊ីជាតំបន់ បាននាំចេញអង្ករច្រើនជាងគេនៅក្នុងពាណិជ្ជកម្មអង្ករពិភពលោក ដោយបានរួមចំណែកចំនួន ៧៩.៩% (៣១.២ ពាន់លានដុល្លារអាម៉េរិក) នៃតម្លៃពាណិជ្ជកម្មសរុប និងតំបន់អឺរ៉ុប៧.១% អាម៉េរិកខាងជើង ៦.៤% និងអាមេរិកឡាទីន ៥.៥% អូសេអានី ០.៦៣% និង អាហ្រ្វិក ០.៥៥% ក្នុងនោះ ប្រទេសឥណ្ឌា បាននាំចេញប្រមាណ ៣០.៣%, ថៃ ១៦.៣%, ប៉ាគីស្ថាន ១០.៧%, វៀតណាម ១៤.២%, និងប្រទេសកម្ពុជា ៤.៨% ជាដើម។

តាមការសង្កេតជាក់ស្តែង, វិស័យស្រូវអង្ករពិតជាបានចូលរួមចំណែកផ្តល់ជាតម្លៃបន្ថែម ក្នុងការគាំទ្រទៅលើវិស័យមួយចំនួនផ្សេងទៀត ដូចជា វិស័យកសិ-ឧស្សាហកម្មកែច្នៃ ចំណីអាហារ, វិស័យចិញ្ចឹមសត្វ, និងវិស័យថាមពលជាដើម។ ជាឧទាហរណ៍, ចុងអង្ករ ឬអង្ករបាក់ អាចយកមកផលិតជាគុយទាវ/មី, កន្ទក់ដែលសល់មកពីការកិនកែច្នៃស្រូវទៅជាអង្ករ អាចយកមកផលិតជាចំណីមនុស្សឬសត្វ, អង្កាម អាចយកមកផលិតជាជីធម្មជាតិ ឬជីវឧស្ម័នសម្រាប់ប្រើប្រាស់ ឬផលិតកម្មឧស្សាហកម្មអេតាណុលជាដើម។ តាមបណ្តា ប្រទេសជឿនលឿនមួយចំនួន ដូចជាប្រទេសឥណ្ឌា ប្រទេសចិន, ប្រទេសជប៉ុន និងប្រទសឥណ្ឌូនេស៊ីជាដើម បានយកអង្ករ កែច្នៃជាប្រេងសម្រាប់ចំអិនអាហារ និងប្រេង សម្រាប់ថែរក្សាស្បែក ឬផលិតផលផ្សេៗទៀតជាច្រើនប្រភេទ។

ការកើនឡើងនៃតម្រូវការស្រូវអង្ករនៅក្នុងតំបន់ និងសកលលោកនេះ បានឆ្លុះបញ្ចាំង អំពីកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការបន្តបង្កើនសមត្ថភាពផលិត កែច្នៃ និងនាំចេញស្រូវអង្ករទៅកាន់ទីផ្សារជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក។ លើសពីនេះ, ការធ្វើពិពិធកម្ម ផលិតកម្ម និងការប្រើប្រាស់ និងការធានានូវចីរភាពផលិតកម្មស្រូវអង្ករ នឹងជួយបង្កើនប្រសិទ្ធភាពការផលិត និងគុណភាពស្រូវអង្ករ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍កសិកម្ម (AgriTech and Innovation) ក៏ដូចជា ការកំណត់គោលដៅទីផ្សារ ដែលមានតម្លៃខ្ពស់។ ដូច្នេះហើយ, យើងចាំបាច់ពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃ និងខ្សែ ច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យឆ្លើយតបទៅនឹងបរិបទ និងនិន្នាការទីផ្សារក្នុងតំបន់ និងពិភពលោក ជាពិសេសគោលការណ៍ ESG (Environment, Social and Governance) និងឧត្តមានុវត្តន៍កសិកម្មប្រកបដោយចីរភាព (Best practices for sustainable agriculture)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមគាំទ្រដល់វិស័យស្រូវអង្ករតាំងពី ឆ្នាំ១៩៩៨ មកម្ល៉េះ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម កសិកម្មជាទុនបង្វិល និងទុនវិនិយោគ។ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានសំពៀតឥណទានទៅលើវិស័យស្រូវអង្ករ ប្រមាណជា២០០ លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណជា ៤១% នៃសំពៀតឥណទានសរុប៕

0 comments:

Post a Comment