(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់កសាងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាឃុំសំបួរ និងហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរនាយឯកឧត្តមឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកស្វាយទាប រួមជាមួយក្រុមការងារបានរួមសហការជួយគ្នាយ៉ាងសស្រាក់សស្រាំ កសាងសមិទ្ធផលជាច្រើន នៅស្រុករមាសហែក។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ពេលបានផ្ទេរភារកិច្ចមកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប ឯកឧត្តម សៅ សុខា បានបន្តប្រពៃណីចែករំលែក និងជួយគ្នាក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ស្រុកផងដែរ តាមរយៈចលនា និងកៀរគរពីក្រុមការងារ ដើម្បីបំពេញបេសកកម្មជាប្រយោជន៍ជាតិ កសាងមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ កសាងស្នាក់ការបក្សជាដើម ដែលសកម្មភាពនេះគណបក្សប្រជាជនកម្ពុជាចងចាំមិនភ្លេច នូវស្នាដៃនិងសមិទ្ធផលរាប់មិនអស់របស់ឯកឧត្តមនិងក្រុមការងារ។ ដោយឡែកស្នាក់ការបក្សនេះ នឹងបានចូលរួមចំណែកក្នុងការបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការបម្រើការងាររបស់គណបក្ស នៅមូលដ្ឋានផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើក្រុមជាង ត្រូវបំពេញការងារឱ្យបានហ្មត់ចត់ ត្រូវគោរពតាមបទដ្ឋាននៃសំណង់ សាងសង់ឱ្យមានភាពរឹងមាំ ជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ ដែលកើតមានជាយថាហេតុ។
គួររំលឹកថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ មានទទឹង ៣១,៥ម៉ែត្រ មានបណ្តោយ ១២ម៉ែត្រ បូកផ្នែកខាងមុខ ៨ម៉ែត្រ គុណ ៨ម៉ែត្រ ដែលមានទំហំសរុប ៤៤២ម៉ែត្រការ៉េ៕





















sps-news.com

អ្នកនិពន្ឋ:
0 comments:
Post a Comment