(ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នេីឲ្យពិនិត្យមើលឱ្យបានច្បាស់លាស់ក្នុងការងារចាត់តាំងមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវឈរលេីគោលការណ៍ ដូចជា ពិនិត្យលើឧបនិស្ស័យ សមត្ថភាព និងកម្រិតសញ្ញាបត្រឱ្យបានសមស្រប ព្រមទាំងណែនាំជូនដំណឹងដល់រាជធានី-ខេត្តពាក់ព័ន្ធតម្រូវឱ្យមានគោលការណ៍រួមតែមួយ និងត្រូវអនុវត្តឱ្យបានដូចៗគ្នា សេចក្តីណែនាំដែលបានកំណត់។
ចំពោះការរៀបចំអត្ថបទផ្សព្វផ្សាយ បញ្ជាក់ពីសកម្មភាពការងាររបស់អង្គភាព ត្រូវរំលេចយកចំណុចសំខាន់ៗ និងមានគុណភាព ដើម្បីបានជាប្រយោជន៍ជាក់ស្តែងដល់សាធារណជន។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំទទួលបន្ទុករៀបចំកម្មវិធីប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែង កោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការ នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕
0 comments:
Post a Comment