-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, February 24, 2024

អភិបាលខេត្តកំពង់ចាម ចាត់ទុកការលើកកម្ពស់គុណភាពអប់រំ ផ្ដើមចេញពីសកម្មភាពបង្រៀនរបស់គ្រូ

ចំនួនអ្នកទស្សនា: Views

(កំពង់ចាម)៖ ក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ឆ្នាំសិក្សាថ្មីនេះ និងឆ្នាំសិក្សាបន្តទៅមុខទៀតបញ្ហាដែលត្រូវដោះស្រាយចំពោះមុខ គឺការលើកកម្ពស់គុណភាពអប់រំ ឲ្យមានតុល្យភាពសមស្រប ទៅនឹងការពង្រីកបរិមាណអប់រំ ដែលប្រការនេះគឺជាគោលដៅពីរនៃសកម្មភាពមួយ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា បើចង់លើកកម្ពស់គុណភាពអប់រំ គឺត្រូវកែលម្អលក្ខខណ្ឌចាំបាច់នានា នៃសកម្មភាពបង្រៀន និងរៀន។ បើចង់ពង្រីកបរិមាណអប់រំ គឺត្រូវកសាងសាលារៀនបន្ថែម បណ្តុះបណ្តាលគ្រូបង្រៀនបន្ថែម និងបន្ថែមសម្ភារសិក្សា ពីព្រោះចំនួនកុមារដល់វ័យសិក្សាកាន់តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកឯតម្រូវការរបស់ទីផ្សារ ក៏ដូចជាសង្គមជាតិ គឺសុទ្ធតែទាមទាររកធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាពផងដែរ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត លោក អ៊ុន ចាន់ដា សូមឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការប្រមូលកុមារគ្រប់អាយុឲ្យចូលរៀនបានច្រើន ប្រកបដោយសមធម៌ ទោះបីជាពួកគេស្ថិតនៅទីកន្លែងណា រស់នៅក្នុងស្ថានភាពបែបណាក៏ដោយ ជាពិសេសនៅតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ដោយអនុវត្តតាមទិសស្លោក «សាលារៀន ត្រូវស្វែងរកកុមារ»។

បន្ថែមពីនេះ ត្រូវតែខិតខំកសាងសាលារៀន ហើយបង្កើតបរិសា្ថនសាលារៀន ដល់សិស្សានុសិស្សឲ្យប្រកបដោយផាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលប្រែក្លាយសាលារៀនជាសាលាកុមារមេត្រី ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើ សមត្ថភាពជំនាញខ្ពស់ មានសីលធម៌រស់នៅល្អ ចេះរួមរស់នៅជាមួយគា្នដោយសេចក្តីសុខក្នុងគ្រួសារ និងសង្គមជាតិ។

លោកអភិបាលខេត្ត បានអំពាវនាវដល់ លោកគូ អ្នកគ្រូ អ្នកពាក់ព័ន្ធជាមួយនឹងការងារអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សារាចរ សេចក្តីណែនាំផ្សេងៗ ពិសេសគឺការងារទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ក្រុមទំនើង ការអនុវត្តបទបញ្ញត្តិ នៃច្បាប់ចរាចរផ្លូវគោកថ្មី ការជួញដូរកុមារ និងការប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់ពលកម្មកុមារទម្រង់ធ្ងន់ធ្ងរបំផុត ការគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ឲ្យបានទូលំទូលាយ និងយល់ជ្រួតជ្រាបដល់សិស្សានុសិស្សទាំងអស់ ដើម្បីឲ្យពួកគេមានទុន មានគ្រឹះក្នុងការកសាង និងអភិវឌ្ឍខ្លួនឲ្យក្លាយទៅជា «កូនល្អ សិស្សល្អ មិត្តល្អ» នៅថ្ងៃអនាគត៕

0 comments:

Post a Comment