(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងខុនដូរប្រមាណ៤០០នាក់ មកប្រជុំដើម្បីផ្សព្វផ្សាយលើការងារគ្រប់គ្រង ហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឲ្យបានល្អចៀសវាងពួកគាត់ ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗនៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ បានធ្វើឡើង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ហួត ហៃ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ហួត ហៃ បានលើកឡើងថា ការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកប្រជុំនេះ អាជ្ញាធរមានគោលបំណងឲ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងខុនដូរទាំងអស់ គ្រប់គ្រងជនបរទេសឲ្យបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេសរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ទប់ស្កាត់ការលែងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញ និងទប់ស្កាត់ការលាងសំអាត ប្រាក់ជាដើម។
លោក ហួត ហៃ បានបញ្ជាក់ថា «ជាជំហានដំបូងនេះ យើងគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់ប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងខុនដូរចំនួន៣ខែ គឺខែមេសា ឧសភា និងមិថុនា»។ ក្រោយពេល ៣ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ចទាំង២ប្រភេទ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់បងប្អូនតែម្តង»។
លោកបន្តថា «ជនបរទេសមករកស៊ី ធ្វើការ និងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពីច្បាប់របស់កម្ពជា និងអនុវត្តឲ្យបានល្អ ចៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាសចាកពីច្បាប់របស់កម្ពុជា»។
លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ចំពោះការងារលើនេះមាន ៣ដំណាក់កាលដែលបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងខុនដូរ ត្រូវដឹង រួមមាន៖
*ទី១៖ អាជ្ញាធរត្រូវណែនាំ និងផ្សព្វផ្សាយដើម្បីឲ្យបងប្អូនបានដឹងពីច្បាប់យកទៅអនុវត្ត កុំឲ្យប្រព្រឹត្តខុសច្បាប់ រហូតមានទោសទណ្ឌ
*ទី២៖ អនុវត្តវិធានការរដ្ឋបាល ដោយចុះពិនិត្យដល់ទីតាំង
*ទី៣៖ វិធានការច្បាប់។
ទោះបីជាយ៉ាងណាក្តី លោកអភិបាលរងរាជធានីភ្នំពេញទាំង២រូប សុំឲ្យបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួមគ្នាលុបបំបាត់ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ឲ្យបាន៕
0 comments:
Post a Comment