-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, December 2, 2025

ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិក ចាប់អារម្មណ៍ក្នុងការទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិ (អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសវៀតណាម) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

នៅក្នុងជំនួបនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC)ដែលមានតំណាងក្រុមហ៊ុនអាម៉េរិកធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបរទេស តាមរយៈការអនុវត្ត ច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន និងបានបង្ហាញពីតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ក្នុងនាមជាច្រកតភ្ជាប់វិនិយោគិនអាម៉េរិកទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM ជាមួយនឹងកិច្ចសហការក្នុងការបង់កម្រៃសេវាតាមរយៈសេវាកម្ម Visa និង MasterCard នៃធនាគារដៃគូ។

អង្គប្រជុំបានធ្វើការពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញលំហូរទុនវិនិយោគដោយផ្ទាល់ (FDI) ពីសហរដ្ឋអាម៉េរិក មកកាន់កម្ពុជាឱ្យកាន់តែច្រើន និងការស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកំណែទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មី និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ។

សូមបញ្ជាក់ដែរថា នៅជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយគណៈប្រតិភូ US-ABC នេះ មិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជា វេទិកាទំនាក់ទំនងរវាងរដ្ឋនិងឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។ ជំនួបនេះត្រូវបានរំពឹងថានឹងបង្កើនទំនុកចិត្តរបស់វិនិយោគិនអាម៉េរិកមកលើទីផ្សារកម្ពុជា និងបន្តជំរុញឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជានាពេលអនាគត៕

0 comments:

Post a Comment