ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារពិភពលោក និងភាគីពាក់ព័ន្ធចំពោះការគាំទ្រ និងការរៀបចំរបាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពសិក្សានៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជា ដែលផ្តោតទៅលើគុណភាពបង្រៀន និងម៉ោងបង្រៀន និងការរៀនសូត្ររបស់សិស្ស ដែលរបាយការណ៍នេះបានផ្ដល់នូវចំណេះដឹង និងភស្តុតាងដ៏មានតម្លៃ និងជួយឱ្យយើងបន្តរៀបចំគោលនយោបាយពិនិត្យឡើងវិញនូវប្រព័ន្ធអប់រំនានា ដើម្បីតម្រង់ទិសដៅឆ្ពោះទៅរកការកែលម្អលទ្ធផលសិក្សារបស់សិស្សានុសិស្ស គុណភាពអប់រំ និងជាពិសេស ឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែងនាពេលអនាគត។
ការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន យ៉ាងដូច្នេះក្នុងពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ស្រាវជ្រាវស្តីពីស្ថានភាពសិក្សានៅកម្រិតបឋមសិក្សាក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោកប្រចាំកម្ពុជា ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិជាច្រើនរូប ដោយក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការដាក់បញ្ចូលកម្មវិធីអំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូងបានធ្វើឱ្យសមិទ្ធផលសិក្សារបស់សិស្សមានការរីកចម្រើនឡើងគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ។ នេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជំនាញមូលដ្ឋានដ៏រឹងមាំ។
ឯកឧត្តមបានលើកឡើងថា ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ក្រសួងបានផ្តោតលើចំណុចគន្លឹះដូចសំខាន់ៗ រួមមាន ការបង្កើនម៉ោងសិក្សា ការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន ជំនាញសរសេរ និងការអាន គណនេយ្យភាព ការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ការអប់រំកុមារតូច និងវប្បធម៌រៀនសូត្រជាដើម។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងភាគីពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា ជាពិសេសកំណែទម្រង់អប់រំរបស់រាជរដ្ឋាភិបាល ដែលនឹងបើកផ្លូវសម្រាប់កិច្ចពិភាក្សាប្រកប ដោយផ្លែផ្កា និងផ្អែកលើភស្តុតាង ដើម្បីស្វែងរកលទ្ធភាពនៃការកែលម្អប្រព័ន្ធអប់រំជាបន្តបន្ទាប់ និងនាំមកនូវលទ្ធផលល្អប្រសើរដល់ការរៀនសូត្ររបស់សិស្ស៕


sps-news.com

អ្នកនិពន្ឋ:
0 comments:
Post a Comment