-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, March 11, 2023

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំដំណើរទេសចរណ៍ផ្សព្វផ្សាយពីកិច្ចការពារសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ

ចំនួនអ្នកទស្សនា: Views


អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) បានរៀបចំដំណើរទេសចរណ៍សត្វព្រៃ ដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃព្រៃឈើ និងសត្វព្រៃ តំបន់ជួរភ្នំក្រវាញ ទៅកាន់សាធារណជន សំដៅកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ និងបរបាញ់សត្វព្រៃបន្តទៀត។

ដំណើរទេសចរណ៍សត្វព្រៃ បានចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមីនានេះ ចាប់ពីម៉ោង ១ រសៀល រហូតដល់ម៉ោង៩យប់ នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុនចូលទៅដល់ខេត្តកោះកុង និងចុងក្រោយធ្វើនៅក្នុងរាជធានីភ្នំពេញ ដោយក្នុងព្រឹត្តិការណ៍នេះ មានការលេងល្បែងកំសាន្ត ការសម្ដែងសៀកបែបវិទ្យាសាស្ត្រ និងរួមមានការចាប់រង្វាន់ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងដើម្បីអបអរសាទរ និងផ្សព្វផ្សាយពីសារសំខាន់នៃព្រៃឈើ តំបន់ជួរភ្នំក្រវាញចំពោះបរិស្ថាន និងសហគមន៍ ខណៈធនធានព្រៃឈើបានដើរតួនាទីជាបទប្បញ្ញត្តិអាកាសធាតុ បង្កើតជាប្រភពថាមពល និងបានជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព្រឹត្តិការណ៍នេះ ផ្តោតសំខាន់លើខ្លឹមសារចម្បងចំនួនបី៖រួមមាន៖ ១. មានព្រៃឈើមានប្រភពទឹក, ២. សត្វខ្លាធំជួយរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី, និង៣. គ្មានអន្ទាក់ គ្មានការបរិភោគសាច់សត្វព្រៃ។

កម្មវិធីដែលធ្វើឡើងក្នុងបរិវេននៅវត្តអូរសោម ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សុខខេង នរិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, ឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, កញ្ញាបណ្ឌិត ស៊ូវ ណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) និងភ្ញៀវកិត្តិយសដទៃទៀត។

ព្រឹត្តិការណ៍នេះ រួមបញ្ចូលការសម្ដែងសៀកបែបវិទ្យាសាស្ត្រ ដែលចូលរួមសម្តែងដោយដៃគូ សហការរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA)មកពីក្រៅប្រទេស គឺ "Baseet" និង ការសម្តែងដោយតារាចម្រៀងល្បីប្រចាំខេត្តកោះកុង គឺ លោក រាជ វិចិត្រ ដោយបើកឱ្យមានការចូលរួមដោយសេរី។

សូមបញ្ជាក់ថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃអន្តរជាតិ (WA) ត្រូវបានបង្កើតឡើងដោយកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡុត ដើម្បីផ្ដល់ការការពារ ដោយ ផ្ទាល់ដល់ព្រៃឈើនិងសត្វព្រៃ តាមរយៈកម្មវិធីអភិរក្សបែបទំនើប។ អង្គការ នេះផ្តល់ជំនួយបច្ចេកទេស និងការត្រិះរិះពិចារណាដល់រាជដ្ឋាភិបាល និងខិតខំឱ្យមានការឯកភាពគ្នារវាងភាគីពាក់ព័ន្ធ ក្នុងការសម្រេចបាននូវដំណោះស្រាយ ចំពោះការគំរាមកំហែងបរិស្ថានជាច្រើនរួមមាន៖ ការជួញដូរសត្វ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំកសិឧស្សាហកម្ម និងការជីកយករ៉ែ និងការទន្ទ្រានយកដីព្រៃ។ អង្គការនេះ គឺជាអ្នកដឹកនាំក្នុងការចាត់វិធានការណ៍ផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍៕



0 comments:

Post a Comment