-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, December 6, 2022

ព្រឹត្តិការណ៍រម្លឹកគុណអង្គររយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views


សៀមរាប :ថ្ងៃទី០​​​​​​​​៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ​១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ថា ពិធីបុណ្យរម្លឹកគុណអង្គរ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលក្នុងនោះនឹងមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណ នៅពេលរាត្រី។

ឯកឧត្តម ឡុង កុសល បានឱ្យដឹងទៀតថា ពិធីបួងសួងព្រឹត្តិការណ៍រម្លឹកគុណអង្គរនោះនឹងប្រព្រឹត្តទៅ នៅបរិវេណមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេស នឹងអញ្ជើញចូលរួមនៅក្នុងកម្មវិធីនោះដែរ។

ឯកឧត្តម ឡុង កុសល ក៏បានឱ្យដឹងពីកម្មវិធីដែលនឹងប្រព្រឹត្តជាបន្តបន្ទាប់ថា នៅព្រឹកថ្ងៃទី១៤នោះបន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន១៣០អង្គផងដែរ ។ នៅថ្ងៃបន្តបន្ទាប់ក៏នឹងមាននូវទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលការងាររយ:ពេល៣០ឆ្នាំកន្លងមក របស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈជាច្រើន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ ការសម្តែងអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ ព្រមទាំងការចាក់បញ្ចាំងភាពយន្តអំពីអង្គរជាដើម។ រាល់កម្មវិធីសាសនា សិល្បៈទស្សនីយភាពទាំងអស់ នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។ អាស្រ័យដូចនេះ សូមបងប្អូនសាធារណជនអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។

គួរជម្រាបជូនថា នេះជាឆ្នាំទីពីរហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបព្រឹតិ្តការណ៍រម្លឹកគុណអង្គរនេះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីរម្លឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិ តាំងពីដើមរហូតដល់សព្វថ្ងៃ ៕ដោយហង្ស សៀក, ផ្សាយដោយ៖ ដារ៉ា

0 comments:

Post a Comment