-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, December 14, 2022

អបអរសាទរ ! ខួបលើក៣០ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ថ្ងៃពុធ ៦រោច ខែមិគសិរ ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០២២នេះ ជាខួប៣០ឆ្នាំហើយ (១៩៩២-២០២២) ដែលតំបន់រមណីយដ្ឋានអង្គររបស់ខ្មែរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ជាមួយនឹងភាពល្បីល្បាញរន្ទឺសុះសាយ ទៅកាន់ពិភពលោក។

ការដាក់បញ្ចូលដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យ និងមោទនភាពដ៏ធំធេងសម្រាប់ជាតិខ្មែរ។ នៅថ្ងៃខួប៣០ឆ្នាំនេះ ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរជាមួយនឹងសារបង្ហាញមោទនភាពផ្សេងៗគ្នា។

ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការរំលឹកដល់សម្បត្តិបេតិកភណ្ឌទាំង១២ របស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ មានរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនៅលើទឹកដីអង្គរខេត្តសៀមរាប ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បីៗគ្រប់ទម្រង់ចំនួន ៣០០នាក់ នៅបរិវេណក្រោយប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។ សម្រាប់ការៀបចំព្រឹត្តិការណ៍វប្បធម៌នេះ បងប្អូនប្រជាពលរដ្ឋ អាចចូលរួមទស្សនាដោយសេរី។

សូជម្រាបថា ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «ប្រាសាទព្រះបរមវិស្ណុលោក» ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សរ៍ទី១២ នារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ព្រះមហាក្សត្រមកពីភាគខាងលិច (ល្វវត្តី)។ មានអាយុកាលជិត ១សហវត្សមកនេះ ប្រាសាទអង្គរវត្ត បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់សម័យកាល ពិសេសទើបតែត្រូវបានយកចិត្តទុកដាក់យ៉ាងដិតដល់ ពីសំណាក់រាជរដ្ឋាភិបាល នាសម័យទំនើបនេះឯង។

ជាមហាសោកសង្រេង បន្ទាប់ពីមហានគរដ៏រុងរឿងបានរសាត់បាត់ឆ្ងាយទៅ រាជធានីបុរាណខ្មែរ ដែលធ្លាប់តែមានឥទ្ធិពលខ្លាំងក្លាមហិមាមួយនេះ បានលាក់ខ្លួនពួនកប់កណ្ដាលព្រឹក្សា គ្មានមនុស្សណាបានទៅដល់ឡើយ ប៉ុន្តែបើតាមប្រវត្តិសាស្ត្រខ្មែរ ក្នុងសតវត្សរ៍ទី១៦ នាសម័យអាណាចក្រលង្វែក ព្រះបាទបរមរាជា (ព្រះរាជបុត្រារបស់ព្រះបាទច័ន្ទរាជា ស្ថានិករាធានីលង្វែក) បានទតឃើញប្រាសាទបុរាណដ៏ស្កឹមស្កៃនេះជាលើកដំបូង ក្នុងពេលចូលទាក់ដំរី បន្ទាប់មកព្រះអង្គក៏បានលើករាជធានីពីលង្វែក ទៅតាំងនៅរាជធានីអង្គរបានមួយរយៈផងដែរ។

តាំងពីពេលនោះមក ប្រាសាទព្រះបរមវិស្ណុលោកដ៏ធំល្វឹងល្វើយអស្ចារ្យមួយនេះ ត្រូវបានព្រះប្រទាននាមថ្មីថា «ព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក»។ លុះក្រោយមក ធម្មជាតិវិទូបារាំងឈ្មោះ Henri Mouhot បានរកឃើញប្រាសាទនេះនៅក្នុងឆ្នាំ១៨៦០ និងបានហៅឈ្មោះប្រាសាទដ៏ធំដែលជាទីអារាមសម្រាប់ព្រះសង្ឃព្រះពុទ្ធសាសនានេះ ថាប្រាសាទអង្គរវត្ត (រាជធានីព្រះពុទ្ធសាសនា) វិញ។

ក្រោយរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសកម្ពុជាបានខិតខំពុះពារដាក់បែបបទស្នើសុំដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ខ្លួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រហូតបានដាក់បញ្ចូលជាស្ថាពរនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

រងនូវព្យុះភ្លៀងខ្យល់បោកបក់ទាំងយប់ទាំងថ្ងៃអស់ជាច្រើនរយឆ្នាំ អង្គរវត្តរបស់យើងបានបន្តជីវិតគ្រប់រសជាតិជាមួយប្រទេសកម្ពុជា អ្វីដែលជាការភិតភ័យខ្លាំងជាងគេនោះ អង្គរវត្ត រួមជាមួយខេត្តខ្មែរមួយចំនួន មានខេត្តសៀមរាប ខេត្តកំពង់ស្វាយ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសិរីសោភ័ណជាដើម ប៊ិះនឹងត្រូវបានទៅខាងប្រទេសថៃ នាដើមសម័យអាណានិគមនិយមបារាំង តែដោយការប្រឹងប្រែងរបស់ព្រះមហាវិរក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ព្រះបរមរតនកោដ្ឋ រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ ទើបអាចដណ្ដើមប្រាសាទអង្គរ និងទឹកដីមួយចំនួននោះមកវិញ។

លុះដល់បច្ចុបុ្បន្ន ប្រាសាទអង្គរវត្ត ឬ ព្រះបរមវិស្ណុលោក ឬព្រះមហានគរឥន្ទ្រប្រ័ស្ថព្រះពិស្ណុលោក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងសេនាធិការរាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងការពាររមណីយដ្ឋានអង្គរយ៉ាងយកចិត្តទុកដាក់ ពោលដៃម្ខាងខិតខំថែរក្សាអភិរក្ស ដៃម្ខាងទៀតខិតខំផ្សព្វផ្សាយទៅកាន់ពិភពលោកបានស្គាល់ និងមកទស្សនាឲ្យបានច្រើន។

ជាមួយនឹងការខិតខំប្រឹងប្រែងនេះ ប្រាសាទអង្គរ និងតំបន់ជុំវិញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយដៃគូជាតិ-អន្តរជាតិ ធ្វើការជួសជុល អភិរក្ស កែលម្អ ប្រមូលវត្ថុដែលបែកបាក់ ឃ្លាតឆ្ងាយ មកផ្គុំនៅកន្លែងដើមឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាជាច្រើនលាននាក់ក្នុងមួយឆ្នាំៗ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ មានក្ដីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលមានឱកាសបានទៅមកទស្សនាប្រាសាទអង្គរ និងប្រាសាទរាប់រយកន្លែងទៀត ដែលជាកេរមរតកដ៏ពិសិដ្ឋថ្លៃថ្លារបស់មហាបុព្វបុរសខ្មែរ នាសម័យបុរាណ ជាមួយនឹងសុវត្ថិភាពក្នុងការធ្វើដំណើរ សុខសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស មធ្យោបាយធ្វើដំណើរក៏ងាយស្រួល ពិសេសការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះសម្បត្តិបេតិកភណ្ឌដ៏ធំក្នុងពិភពលោកមួយនេះ៕


0 comments:

Post a Comment