-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, December 14, 2022

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី១០

ចំនួនអ្នកទស្សនា: Views


(ប៊ែលហ្ស៉ិក)៖ ក្នុងឱកាសអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥ នៃទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នារសៀលថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន សហភាពអឺរ៉ុបលើកទី១០ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។

នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពី ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់ពីសហភាពអឺរ៉ុប និងអាស៊ាន និងធុរជនមកពីតំបន់អាស៊ាន និងអឺរ៉ុប។

លោក ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានថ្លែងកោតសរសើរទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងអឺរ៉ុប និងអាស៊ានដែលមានការរីកចម្រើន ជាពិសេសលោកក៏បានសង្កេតឃើញកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីរ វាងបណ្តាប្រទេសអាស៊ាន និងអឺរ៉ុប កាន់តែច្រើនឡើងជាលំដាប់។

លោកក៏បានបន្តថា ការរៀបចំវេទិកានៅពេលនេះ បង្ហាញពីជំនឿទៅវិញទៅមករវាងធុរជនអាស៊ាន និងអឺរ៉ុប។ ជាមួយគ្នានេះលោកក៏បានប្ដេជ្ញាចិត្តថា នឹងជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ជាពិសេស ផ្ដោតទៅលើវិស័យឌីជីថល ការតភ្ជាប់ទំនាក់ទំនងគ្នា ការអភិវឌ្ឍប្រកបដោយចិរភាព វិស័យសន្តិសុខ ការប្រែប្រួលអាកាសធាតុ។ល។

ប្រធានបទសំខាន់ៗ ដែលភាគីពាក់ព័ន្ធបានយកមកពិភាក្សារួមមាន ការតម្រង់ទិសឡើងវិញនូវ ចំណាប់អារម្មណ៍របស់សហគមន៍អឺរ៉ុបទៅលើអាស៊ាន ពាណិជ្ជកម្ម ការវិនិយោគនិងសេដ្ឋកិច្ចឌីជីថល ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងកំណើនវិនិយោគពាណិជ្ជកម្ម។

សំរាប់កម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងសម្តេចតេជោ ហ៊ុន សែន ត្រូវបានវេទិកាអញ្ជើញជាវាគ្មិនសំរាប់ ចែករំលែកបទពិសោធន៍ និងជាធាតុចូលក្នុងវេទិកាផងដែរ។

កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ានសហភាពអឺរ៉ុបលើកទី១០ គឺជាថ្នាលសម្រាប់សម្របសម្រួល កិច្ចសន្ទនាដ៏មានសារៈសំខាន់ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ការធ្វើឲ្យកាន់តែស៊ីជម្រៅ នៃពាណិជ្ជកម្មអាស៊ាន-សហភាពអឺរ៉ុប ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» ។

កិច្ចប្រជុំកំពូលធុរៈកិច្ចអាស៊ាន សហភាពអឺរ៉ុប លើកទី១០ គឺធ្វើឡើងដើម្បី ប្រមូល នូវធាតុចូល ក៏ដូចជាអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត នូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងអាស៊ាន និងសហភាពអឺរ៉ុប។

កិច្ចប្រជុំនេះក៏ជាការបង្ហាញចំណាប់អារម្មណ៍របស់អឺរ៉ុប ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយចាត់ទុកថា គឺជាតំបន់ដែលមានកាលានុវត្តភាព ។ អាស៊ាន និងសហភាពអឺរ៉ុប បានអបអរសាទរខួបលើកទី៤៥ ឆ្នាំនៃភាពជាដៃគូសន្ទនា។

ចាប់តាំងពីឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុបបានរីកចម្រើន កាន់តែស៊ីជម្រៅ និងមានវិសាលភាពកាន់តែទូលំទូលាយ។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់ទៅដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រ។

សហភាពអឺរ៉ុប ក៏ទទួលស្គាល់ នូវមជ្ឈភាពអាស៊ាន ដោយចាត់ទុកថា តំបន់នេះគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិច និង មានកាលានុវត្តភាពជាច្រើននៅក្នុងតំបន់អាស៊ាន ដោយឃើញមានការកើនឡើងប្រជាជន ដែលមានចំណូលកម្រិតមធ្យម សេដ្ឋកិច្ចមានភាពរឹងមាំ កំពុងឆ្ពោះទៅកាន់សហគមន៍សេដ្ឋកិច្ច ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាដើម៕

0 comments:

Post a Comment