(ក្រចេះ)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៩២០ម៉ែត្រ ទទឹង១.៥ម៉ែត្រ នៅសង្កាត់កោះទ្រុង ក្រុងក្រចេះ។ ក្នុងពិធីនេះក៏មានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ កងកម្លាំង អាជ្ញាធរ ភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ស៊ុយ សែម បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល វិស័យរ៉ែបានបើកចំហរ និងទាក់ទាញវិនិយោគឯកជនឲ្យចូលមកសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្មរ៉ែនៅកម្ពុជាយ៉ាងផុសផុល។ វិស័យរ៉ែ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាអគារ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងសំណង់នានា សំដៅដល់ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងជាប្រភពចំណូលថវិកាជាតិដ៏សំខាន់មួយផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីបានបន្តទៀត ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងរ៉ែ និងថាមពល បានកែសម្រួល និងកសាងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ ដើម្បីគ្រប់គ្រង និងទាក់ទាញវិនិយោគិន ក្នុងវិស័យរ៉ែប្រកបដោយប្រសិទ្ធភាពខ្ពស់ដូចជា៖ ច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ (២០១៨), គោលនយោបាយជាតិស្ដីពីធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្ដ្រីអះអាងថា សម្រាប់ខេត្តក្រចេះចាប់តាំងពីការបង្កើត «មូលនិធិរ៉ែ» ក្រសួងបានធ្វើការប្រមូលប្រាក់មូលនិធិរ៉ែបានចំនួន ៥៩៨,៣៦៦.៤៥ដុល្លារ។ ដោយឡែក ក្រុងក្រចេះប្រមូលប្រាក់មូលនិធិរ៉ែ បានចំនួន៨៨,២៩៣.៧៨ដុល្លារ ក្រសួងបានទទួលនូវសំណើពីអាជ្ញាធរសង្កាត់កោះទ្រង់ ចំនួន២គម្រោង ក្នុងនោះ កាលពីឆ្នាំ២០១៨ កន្លងមកក្រសួងបានផ្តល់ជូននូវគម្រោងកសាងផ្លូវបេតុង១ខ្សែ ប្រវែង៥០០ម៉ែត្រ ទទឹង១.៥០ម៉ែត្រ កម្រាស់ ០.១២ម៉ែត ប្រើប្រាស់ថវិកាសរុបចំនួន ១១,២០០ដុល្លារ។
បច្ចុប្បន្ន រដ្ឋបាលសង្កាត់កោះទ្រង់ បានទទួលគម្រោងកសាងផ្លូវបន្ត១ខ្សែទៀត ប្រវែង៩២០ម៉ែត្រ ទទឹង១.៥០ម៉ែត្រ កម្រាស់០.១២ម៉ែត្រ ប្រើប្រាស់ថវិកាចំនួន ៣១,៥៥៦ដុល្លារ សរុបទាំង២គម្រោងប្រើប្រាស់មូលនិធិរ៉ែ សរុប៤២,៧៥៦ដុល្លារ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋធ្វើដំណើរប្រកបរបរផ្សេងៗ និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់នោះផងដែរ។ បច្ចុប្បន្នមូលនិធិរ៉ែ នៅសល់ក្នុងក្រុងក្រចេះ ចំនួន ៤៥,៥៣៧.៧៨ដុល្លារទៀត។
ឯកឧត្តម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាពិសេសអគ្គនាយកដ្ឋានធនធានរ៉ែ និងអាជ្ញាធរមូលដ្ឋានដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមហ៊ុនទទួលបានជ័យលាភី ក្នុងការសាងសង់ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រជាពលរដ្ឋ ក្នុងការសាងសង់ផ្លូវបេតុង១ខ្សែនេះ ឲ្យលេចចេញជារូបរាងនៅខាងមុខ ដើម្បីឲ្យផ្លូវនេះធានាដល់ការប្រើប្រាស់បានយូរអង្វែង និងសូមឲ្យប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ក្រុង យកចិត្តទុកដាក់ថែរក្សាសមិទ្ធផលមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានទាំងអស់គ្នាឲ្យបានល្អ និងជាប់គង់វង់យូរអង្វែង៕
0 comments:
Post a Comment