ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ (៨ មីនា ១៩១១- ៨ មីនា ២០២២) ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាព ពេលអនាគត” ។
លោក ស សុខា បានថ្លែងថាៈ ជាការពិតណាស់ ស្ត្រី និងបុរស មានសក្ដានុពល តាំងពីកំណើតមកម្ល៉េះ ប៉ុន្តែបុរស ត្រូវបានគេមើលឃើញថា ខ្លាំងក្លាជាងស្ត្រី ដោយសារបុរស មានកម្លាំងកាយមាំមួនជាង ។ ទោះបីយ៉ាងណា សមត្ថភាពប្រាជ្ញា ការគិត ការត្រិះរិះពិចារណា និងការរៀនសូត្រ រវាងសិស្សស្រី និងសិស្សប្រុស មិនមានភាពខុសគ្នាឡើយ ។ ប្រសិនបើ សង្គម មិនឱ្យតម្លៃស្ត្រីទេ សង្គមនោះ ពុំអាចមានការរីកចម្រើនឡើយ ព្រោះសកលលោក បានចាត់ទុកថា “ស្ត្រីជាមាតានៃពិភពលោក” នេះគឺជាសត្យានុម័ត ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក “ស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍគ្រប់វិស័យ” ។ ទស្សនៈវិវត្តន៍ នៅក្នុងសង្គមសកល ក៏ដូចជា សង្គមជាតិយើង គឺអាស្រ័យលើមាគ៌ាដឹកនាំ របស់រដ្ឋាភិបាល ច្បាប់ប្រទេស និងអ្នកដឹកនាំប្រកបដោយបញ្ញាញាណ បានយកចិត្តលើកកម្ពស់តម្លៃរបស់ស្ត្រី ។
លោកបានបញ្ជាក់ថាៈ នៅក្នុងវិស័យនយោបាយ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ បង្កើនសមាមាត្រស្ត្រី ក្នុងស្ថាប័នសាធារណៈ ដើម្បីឱ្យស្ត្រីបានចូលរួម កាន់តែច្រើនឡើង ក្នុងការដឹកនាំ និងធ្វើសេចក្តីសម្រេចចិត្ត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យចំនួនស្ត្រី មានការកើនឡើង ជាបន្តបន្តាប់។
ក្នុងស្ថាប័ននីតិប្រតិបត្តិ ស្ត្រីជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខា ធិការ ។ ក្នុងវិស័យមុខងារសាធារណៈ ចំនួនមន្ត្រីរាជការជាស្ត្រី កើនឡើងបន្តបន្ទាប់ និងនៅ ថ្នាក់ក្រោមជាតិ ស្ត្រីកាន់តួនាទីជា អភិបាលខេត្ត អភិបាលរង រាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ និងជាមេឃុំ ចៅសង្កាត់ ។ល។
លោក ស សុខា បានរម្លឹកថាៈ កាលពីដើមឡើយ គេបានប្រារព្ធទិវាសិទ្ធិនារី លើកដំបូង គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១ ដោយកាលណោះ មានមនុស្សចូលរួមដង្ហែក្បួន ជាង ១លាននាក់ នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងប្រទេសស្វីស ជាដើម ។
ក្រោយមក នៅថ្ងៃទី៨ មីនា ឆ្នាំ១៩១៤ ក៏មានហេតុការណ៍មួយទៀត កើតឡើងនៅទីក្រុង ប៊ែរឡាំង ដែលកាលនោះ ស្ត្រីសកម្មជននយោបាយ សង្គមនិយម អាល្លឺម៉ង់ បាននាំគ្នាធ្វើ បាតុកម្ម យ៉ាងធំធេង ដើម្បីទាមទារសិទ្ធិបោះឆ្នោត ។ ហើយបន្ទាប់មកទៀត នៅថ្ងៃទី៨ មីនា ១៩១៧ នៅទីក្រុងសាំងប៉េតេសបួរ ប្រទេសរុស្ស៊ី គឺមានព្រឹត្តិការណ៍ បាតុកម្មមួយទៀត របស់ស្ត្រីរុស្ស៊ី ។ បរិបទពិភពលោក ពេលនោះ គឺស្ថិតក្នុងសង្គ្រាមលោកលើកទី១ ហើយដែល បុរសៗ ត្រូវគេបញ្ជូនឲ្យទៅធ្វើសង្គ្រាមអស់ ទុកឲ្យស្ត្រីនៅផ្ទះ ចិញ្ចឹមកូនផង ធ្វើការតាមរោងចក្រ ផលិតសព្វាវុធ ស្បៀងអាហារ យកទៅឲ្យកងទ័ពផង ។
ស្ថានភាពរុស្ស៊ី ពេលនោះ លំបាកខ្លាំងណាស់ ដោយសារតែគ្រោះអត់ឃ្លាន ។ ការបះបោរ របស់ស្ត្រីរុស្ស៊ី នៅថ្ងៃទី៨ មីនា ១៩១៧ នេះហើយ ដែលបានធ្វើឲ្យអំណាចរបស់ ព្រះចៅត្សារ នៃអាណាចក្ររុស្ស៊ី ចាប់ផ្តើមរង្គោះរង្គើ និងឈានទៅមានការវិវត្ដន៍សង្គមនិយម របស់ពួកកុម្មុយនីស្តសូវៀត ។ យ៉ាងណាមិញ បក្សបុលសេវិកសូវៀត បានចាត់ទុកថ្ងៃទី៨ ខែមីនា ឆ្នាំ១៩១៧ គឺជាថ្ងៃចាប់ផ្តើមទីមួយ នៃបដិវត្តន៍រុស្ស៊ី ។ ហេតុដូច្នេះហើយ បានជាក្រោយមក នៅតាមប្រទេសកុម្មុយនីស្ត ដែលស្ថិតក្រោមឥទ្ធិពលសូវៀត គេបានប្រារព្ធ ពិធីបុណ្យ ៨ មីនា នេះ ជាប្រចាំ។ ដូច្នេះខួប ៨ មីនា ១៩១១ ដល់ ៨ មីនា ២០២២ វាមានរយៈពេល ១១១ឆ្នាំហើយ ៕
0 comments:
Post a Comment