ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានធ្វើការណែនាំទៅអភិបាល នៃគណៈអភិបាលរាជធានី ខេត្តនិងជាប្រធានគណៈ បញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត សហការជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្ត ការផាកពិន័យ អន្តរការណ៍លើបុគ្គល ឬនីតិបុគ្គល ដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ នេះបើយោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។
សម្តេចក្រឡាហោម ស ខេង បានជម្រាបទៅអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ថាៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានដាក់ចេញប្រកាស អន្តរក្រសួង លេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការពិន័យ ជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។ ទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏បានដាក់ចេញប្រកាសលេខ ០៨១ ស.នក.ប្រក ចុះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ពាក់ព័ន្ធនឹងការងារនេះ ផ្អែកតាមសំណើរបស់ ក្រសួងសុខាភិបាល និងដើម្បីចូលរួមសហការ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឲ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ សូមណែនាំដល់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំ ដល់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចូលរួម សហការ ឲ្យបានជិតស្និទ្ធ ជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍ លើបុគ្គល ឬនីតិបុគ្គល ដែលមិនអនុវត្តនូវ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាត សុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ។ នៅក្នុងការចាត់ចែង អនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាក ឬបញ្ហាប្រឈមណាមួយគណៈបញ្ជា ការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ ជូនក្រសួងសុខាភិបាល និងចម្លងជូន ក្រសួងមហាផ្ទៃ ជាបន្ទាន់៕
0 comments:
Post a Comment