-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, March 12, 2021

ពលរដ្ឋ-ពលករដែលធ្វើចត្តាឡីស័កនៅស្រុកតាំងគោក កក់ក្ដៅចំពោះការយកចិត្តទុកដាក់របស់អភិបាលស្រុក និងក្រុមការងារ

ចំនួនអ្នកទស្សនា: Views



 (កំពង់ធំ)៖ ប្រជាពលរដ្ឋ និងពលករដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍កក់ក្ដៅចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការជួយទំនុកបម្រុងតាមតម្រូវការគ្រប់បែបយ៉ាងពីសំណាក់អភិបាលស្រុក លោក ហាក់ ម៉ុងហួត ព្រមទាំងបានសន្យាថានឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងការណែនាំជាប្រចាំរបស់អាជ្ញាធរ។

ហេតុដែលនាំឱ្យប្រជាពលរដ្ឋ និងពលករដែលកំពុងធ្វើចត្តាឡីស័កនេះមានភាពកក់ក្ដៅបាន ក៏ដោយសាររដ្ឋបាលស្រុកតាំងគោក កម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមការងារដែលទទួលខុសត្រូវចំពោះមុខ តែងតែយកចិត្តទុកដាក់ចំពោះពួកគាត់តាំងពីពេលធ្វើដំណើរមកដល់មណ្ឌលចត្តាឡីស័កដំបូង ដោយបានជួយសម្របសម្រួលជូនពួកគាត់ឱ្យចូលធ្វើចត្តាឡីស័កតាមបន្ទប់សមរម្យរៀងៗខ្លួន ជួយផ្ដល់សម្ភារប្រើប្រាស់ ចានក្បាន គ្រឿងឧបភោគបរិភោគនានា សូម្បីតែទឹកសម្រាប់ប្រើប្រាស់ និងសម្រាប់បរិភោគ ក៏ក្រុមការងារផ្ដល់ជូនមិនឱ្យខ្វះដែរ។ និយាយរួម ឱ្យពួកគាត់ខ្វះអ្វី ហើយលើកសំណូមពរឡើង គឺអាជ្ញាធរស្រុក និងក្រុមការងារចាត់ចែងជូនមិនឱ្យខ្វះឡើយ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងឱ្យដឹងថា អ្វីដែលរដ្ឋបាលស្រុកខិតខំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងពលករដែលធ្វើចត្តាឡីស័កខាងលើនោះ គឺព្រោះតែមិនចង់ពលរដ្ឋប្រឈមកាន់តែខ្លាំងជាមួយបញ្ហាកូវីដ១៩ និងចូលរួមទប់ស្កាត់ឱ្យបាននៅក្នុងសហគមន៍ ស្របតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចតែងតែផ្ដាំជារឿយៗ។

មិនតែប៉ុណ្ណោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្ត ក៏តែងតែណែនាំក្រើនរំឭកដល់រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាហូរហែមកដែរ ដើម្បីពង្រឹងស្មារតីឱ្យអាជ្ញាធរកាន់តែមានកម្លាំងចិត្តបន្ថែមទៀត ក្នុងការអនុវត្តនូវចំណាត់ការបង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

ជាក់ស្ដែង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោកអភិបាលស្រុក ហាក់ ម៉ុងហួត រួមជាមួយសហការី និងសប្បុរសជនបានចុះសាកសួរសុខទុក្ខ និងផ្តល់ជូននូវគ្រឿងឧបភោគបរិភោគបន្ថែម ដល់ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១១ គ្រួសារ នៅសាលាបឋមសិក្សាគិរីអណ្តែត ព្រមទាំងបានខិតខំដោះស្រាយតាមសំណូមពរមួយចំនួនទៀត របស់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កនោះផងដែរ។ ចេញពីមណ្ឌលចត្តាឡីស័កគិរីអណ្ដែតខាងលើ លោកអភិបាលស្រុកបានបន្តចុះពិនិត្យមេីល និងផ្តល់សម្ភារបន្ថែមដល់មណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ទ្រៀល ដែលជាមណ្ឌលទទួលពលករមកពីប្រទេសថៃ និងកន្លែងដែលមានហានិភ័យផ្សេងទៀត ដេីម្បីធានាការឆ្លេីយតបនឹងកំណេីនអ្នកធ្វើចត្តាឡីស័ក ដែលពួកគាត់នឹងមកបន្តបន្ទាប់ទៀត។

នាថ្ងៃទី១១ ខែមីនានេះដែរ លោក ហាក់ ម៉ុងហួត បានដឹកនាំក្រុមការងារ ក្នុងនោះក៏មានក្រុមចុងភៅទៅធ្វើម្ហូបអាហារជាច្រើន ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ទ្រៀល។ ជាមួយនឹងទឹកមុខរីករាយ ប្រជាពលរដ្ឋបានសំណូមពរឱ្យលោកអភិបាលស្រុក ផ្ដល់អាហារហូបចុកដល់ពួកគាត់បន្តទៀត ព្រោះពួកគាត់ពេញចិត្តយ៉ាងខ្លាំង។

លោកអភិបាលស្រុកតាំងគោក បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងពលករដែលជាប់កាតព្វកិច្ចធ្វើចត្តាឡីស័កនេះ ព្រោះនេះគឺដើម្បីការពារសុវត្ថិភាពសុខភាពរបស់ប្រជាពលរទាំងអស់គ្នាទេ។ លើសពីនេះ លោកក៏តែងពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត សុខ លូ ជូនចំពោះប្រជាពលរដ្ឋ និងពលករជារឿយៗមកផងដែរ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ពុំដែលភ្លេចចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឡើយ។

ប្រការនេះហើយដែលធ្វើ ឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក រឹតតែកក់ក្ដៅកើនមួយកម្រិតថែមទៀត ដោយពួកគាត់បានសន្យាចំពោះអាជ្ញាធរថា នឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលឱ្យត្រឹមត្រូវក្នុងពេលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនេះ ហើយក៏នៅតែបន្តអនុវត្តឱ្យល្អប្រសើរថែមទៀត ក្រោយពេលចេញពីមណ្ឌលចត្តាឡីស័ក។

ស្របពេលដែលរដ្ឋបាលស្រុកកំពុងអនុវត្តការរៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក បានចូលរួមឧបត្ថម្ភថវិកាមួយចំនួន ដើម្បីប្រើប្រាស់សម្រាប់ការងារចំពោះមុខនានាជូនប្រជាពលរដ្ឋ និងពលករដែលកំពុងធ្វើចត្តាឡីស័ក។ លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ថោង ខុន ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសប្បុរសជនដទៃទៀតផងដែរ ខណៈថវិកានេះនឹងចូលរួមបង្កើនលទ្ធភាពក្នុងការទំនុកបម្រុងជូនប្រជាពលរដ្ឋ និងពលករដែលកំពុងធ្វើចត្តាឡីស័កបន្តទៀតនេះ។

សូមជម្រាបថា នៅក្នុងស្រុកតាំងគោកមានមណ្ឌលចត្តាឡីស័កចំនួន ២ គឺនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុន សែន ទ្រៀល និងនៅសាលាបឋមសិក្សាគិរីអណ្តែត ដោយមានពលករធ្វើចត្តាឡីស័កនៅមណ្ឌលទាំងពីរនេះសរុបចំនួន ៤១ នាក់ និងនៅតាមផ្ទះចំនួន ១៨ នាក់ទៀត គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៕


0 comments:

Post a Comment