(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ជាមួយគ្រោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុគ្រាដែលរដូវក្តៅមានខ្យល់បក់ខ្លាំង។
ការអំពាវនាវធ្វើឡើងខណៈលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ ចុះចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
អភិបាលខណ្ឌចំការមន បានជំរុញឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រានទានធូប និងយកចិត្តទុកដាក់ចំពោះចរន្តអគ្គិសនីចៀសវាងក្រែងភ្លេចដាក់ដាំបាយ ដាំទឹក ទុកចោលជាដើម។
ក្នុងនោះផងដែរ លោកអភិបាលខណ្ឌ បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាពការរស់នៅ ជាពិសេសនៅរដូវវស្សាធ្វើឲ្យសំរាមទាំងនោះចូលស្ទះលូផងដែរ។
លើសពីនេះត្រូវយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ធ្វើឱ្យប្រជាជននៅលើសកលលោក ក៏ដូចជាប្រទេសកម្ពុជាមានការ ព្រួយបារម្ភផងដែរ ដោយអនុវត្តតាមវិធីងាយៗទៅតាមវិធានរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្រោយពីសំណេះសំណាលសួរសុខទុក្ខរួច អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានផ្ដល់ជូននូវអំណោយមួយចំនួនដែលក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ចំនួន ១បាវ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, មី, ក្រម៉ា, ម៉ាស និងថវិកាចំនួន ៣០០០០រៀលផងដែរ៕
0 comments:
Post a Comment