AKP បាត់ដំបង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១--
នៅ ថ្ងៃ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ មាន១០បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម ស្ថិតក្នុងភូមិបែកចាន សង្កាត់ព្រែកព្រះសម្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយ:ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជំនួសមុខឱ្យអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានផ្តួចផ្តើមគំនិតក្នុងរៀបចំកសាង ជួសជុល និងកែលម្អអគារសិក្សា ខ្លោងទ្វារ និងបរិវេណទាំងក្នុង និងក្រៅឱ្យមានសោភណភាពកាន់តែស្អាត ដែលចំណាយថវិកាសរុប ៥០៥.២៣៧ដុល្លារអាម៉េរិក ។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដោយមានកិច្ចសហការពីរដ្ឋបាលខេត្ត និង ក្រសួងអប់រំ ព្រមទាំងសប្បុរសជននានាដែលបានចំណាយថវិកាចូលរួមចំណែកកសាងរហូតបានរួចរាល់ជាស្ថាពរ និង ដោយសារមានករណីផ្ទុះជំងឺកូវីដ-១៩ លើពិភពលោក និងមានការឆ្លងនាំចូលពីក្រៅប្រទេស ពិសេសនៅខេត្តបាត់ដំបងយើងជាបន្តបន្ទាប់ ធ្វើឱ្យមានការយឺតយ៉ាវក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទើបតែពេលនេះយើងមានឱកាសសម្ពោធជាផ្លូវការ។
សម្តេចក្រឡាហោម បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួន រួមចំណែកកសាងអគារសិក្សាថ្មី និងសមិទ្ធផលជាច្រើនទៀតរហូតសម្រេចបានជោគជ័យ។ ក្នុងនោះសម្តេចក្រឡាហោមបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និង ចែកអំណោយដល់សិស្សជានិមិត្តរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម រួមមាន៖ អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ឹម ព្រមទាំងបំពាក់សម្ភារសិក្សា និងជួសជុលអគារសិក្សា បំពាក់សម្ភារ ទីចាត់ការ សាលប្រជុំ ទីធ្លាទាំងក្នុង និងក្រៅបរិវេណសាលា និងសមិទ្ធផលផ្សេង ៗជាច្រើនទៀតផងដែរ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ spsnews
0 comments:
Post a Comment