ក្រចេះ: ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម មីកាមិ ម៉ាស្សាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ ២០២១។
ក្នុងជំនួបរវាងឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម មីកាមិ ម៉ាស្សាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានាពេលនោះ គឺក្នុងគោលបំណងដើម្បីពិភាក្សាសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅរបស់ខេត្តក្រចេះ ក្នុងគោល ដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងអាជ្ញាធរនៃរដ្ឋបាលខេត្តក្រចេះ និងស្ថានទូតប្រទេសជប៉ុន ក៏ដូចជាប្រជាជនជប៉ុន និងប្រជាជនកម្ពុជា ផងដែរ ។
ឯកឧត្តម វ៉ា ថន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម មីកាមិ ម៉ាស្សាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុន និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តក្រចេះ ព្រមទាំងបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខនិងការរីកចម្រើនលើគ្រប់វិស័យរបស់ខេត្ត ។ ព្រមទាំងការងារអនុវត្តន៍គម្រោងកម្មវិធីមូលនិធិសមធ៌របស់ប្រជាជនជប៉ុនជួយលើវិស័យសុខាភិបាលក្នុងខេត្តក្រចេះផងដែរ ។
ឯកឧត្ដមអភិបាលខេត្តក្រចេះ បានជម្រាបជូនឯកឧត្ដម មីកាមិ ម៉ាស្សាហ៊ីរ៉ូ ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងគោលដៅគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជំរុញកំណើនសេដ្ឋកិច្ចជូនប្រទេសជាតិនិងប្រជាជន។ ក្នុងនោះក៏មានការជួយឧបត្ថម្ភគាំទ្រដល់ជនក្រីក្រទៅតាមកម្រឹតប្រភេទ ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ក្នុងឱកាសទទួលជួប ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានាពេលនោះដែរ ឯកឧត្តមអភិបាលខេត្តក្រចេះ បានសំណូមពរដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តជួយអភិវឌ្ឍខេត្តក្រចេះឱ្យកាន់តែរីកចម្រើនថែមទៀត ។ ឯកឧត្តម មីកាមិ ម៉ាស្សាហ៊ីរ៉ូ បានសម្ដែងការគួរសម និងថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តក្រចេះ ដែលបានខិតខំសម្រេចបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាព រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរតាមរយៈសក្តានុពលរបស់ខេត្តលើទឹកដីដ៏សម្បូរបែប ។
ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានបញ្ជាក់ដែរថា ជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខេត្តក្រចេះក៏ទទួលបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវជនបទ និងលើកិច្ចការមូលនិធិសមធម៌សុខភាពដល់ខេត្តក្រចេះ ដូចជា ការសាងសង់អគារវះកាត់ក្នុងមន្ទីរពេទ្យខេត្ត ដើម្បីជួយដល់ជនក្រីក្រ ធ្វើឱ្យសេវាកម្មនៅមន្ទីរពេទ្យមានសីលធម៌ និងឥរិយាបថល្អ ជួយគាំទ្រសេវាអ្នកជំងឺដែលមានប័ណ្ណក្រីក្រ ។
ឯកឧត្ដម មីកាមិ ម៉ាស្សាហ៊ីរ៉ូ បញ្ជាក់ទៀតថា រដ្ឋាភិបាល និងប្រជាជនជប៉ុននៅតែបន្ត ផ្តល់ជំនួយដើម្បីឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គ្រប់គ្រងការអភិវឌ្ឍក្នុងគោល បំណងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ។ ជាមួយគ្នានេះដែរឯកឧត្តមឯកអគ្គរាជទូតប្រទេសជប៉ុន បានថ្លែងអំណរគុណដល់អាជ្ញាធរ នៃរដ្ឋបាលខេត្តក្រចេះ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងកក់ក្ដៅ នៅក្នុងដំណើរការជំនួបទ្វេភាគីនេះ ដោយឯកឧត្ត មសង្ឃឹមថា អាជ្ញាធរខេត្តក្រចេះនឹងនៅតែបន្តសហការដើម្បីរួមដៃគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ៕ ដោយ៖ជួន សុជាតិ សម្រួលផ្សាយដោយ៖ spsnews
0 comments:
Post a Comment