(បន្ទាយមានជ័យ)៖ លោក អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកអភិបាលក្រុងស្រុក និងអង្គភាពទាំង៣ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលទីតាំងវិទ្យាល័យ ៣កន្លែងមាន វិទ្យាល័យនិមិត្ត វិទ្យាល័យកូប និងវិទ្យាល័យប៉ោយប៉ែត ដើម្បីត្រៀមទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលធ្វើចត្តាឡីស័ក តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃវិញ។
លោកអភិបាលខេត្ត បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅប្រទេសថៃក្នុងខេត្ត Samut Sakhon មានពលករចំណាកស្រុកខ្មែរចំនួន៥១៦នាក់ ជាប់ទាក់ទង នឹងការ ផ្ទុះជំងឺកូវីដ១៩ កើតមានឡើងនៅក្នុង សហគមន៍ និងនៅខេត្តជាច្រើនទៀត ដូច្នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចំពោះអ្នកដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវឲ្យនៅដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមាន ឬអវិជ្ជមាន ជាពិសេសពលករដែលទើបវិលមកពីប្រទេសថៃ ត្រូវដាក់ខ្លួនឯងរស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃសិន ដោយមិនត្រូវទៅជិតប្រពន្ធ ប្តី ឬកូនដាច់ខាត។
សូមបញ្ជាក់ថា នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេស និងបន្ទាន់មួយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំមានភ័យខ្លាចអំពីបញ្ហានេះ និងសូមបន្តរស់នៅនិងធ្វើការនៅទីនោះ ព្រមទាំងគោរពតាមការណែនាំរបស់អាជ្ញាធរថៃ៕
0 comments:
Post a Comment