-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, March 3, 2022

រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទផ្សាយជាសាធារណ:នូវឯកសារវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ

ចំនួនអ្នកទស្សនា: Views

  


កំពង់ឆ្នាំង: ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងបរិវេណវត្តខេមវន្ត ( ហៅវត្តខ្សាម ) មានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមវត្តមានរបស់លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមរពីលោក ហីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង ព្រមទាំងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីចៅសង្កាត់ តំណាងធនាគារឯកជន និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីផងដែរ ។

លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ម្ចាស់ក្បាលដីមួយចំនួនដែលនៅជាប់ផ្លូវ ឬត្រូវបើកផ្លូវឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើសប្បទាន ឬបរិច្ចាគដីផ្នែកខ្លះ សម្រាប់ទុកធ្វើផ្លូវ លូ បណ្ដាញផ្លូវរំដោះទឹក ដើម្បីបម្រើជាប្រយោជន៍រួមរបស់សាធារណៈ ហើយជាលទ្ធផលក្នុងថ្ងៃនេះ ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ ក្នុងការគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន។

លោកបានបន្តថា ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ ព្រមទាំងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ហើយអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដី ដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួនទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួន ដោយគ្មានការព្រួយបារម្ភ។ បន្ទាប់ពីបញ្ចប់ការបិតផ្សាយគឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រយ:ពេល១៥ថ្ងៃនេះទៅ យើងនឹងទទួលបាននូវទិន្នន័យមួយមានភាពសុក្រឹត្យ ត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីក្នុងភូមិ នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោកអនុប្រធានមន្ទីរ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្លួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី (អូមីក្រុង) និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ។

យោងតាមរបាយការណ៍បញ្ជាក់របស់លោក គុយ វន្នី ប្រធានក្រុមគ្រប់គ្រងតំបន់វិនិច្ឆ័យនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងការបិតផ្សាយក្នុងសង្កាត់ខ្សាម មាន៣ភូមិ គឺភូមិទី១ ភូមិទី២ និងភូមិទី៨ ដោយការកំណត់ព្រំនិងវិនិច្ឆ័យភូមិទី១ សរុប ៤៤ក្បាលដី និងការប្រមូលទិន្នន័យសរុប ៤៤ក្បាលដី ក្នុងនោះមានដីលំនៅឋានចំនួន៣៦ក្បាលដី ដីសាលារៀនចំនួន០១ក្បាលដី ដីចំណតរថយន្ត ០១ក្បាលដី ដីអគាររដ្ឋបាល០៥ក្បាលដី ដីរង្វង់មូល០១ក្បាលដី ។ ភូមិទី២ ការប្រមូលទិន្នន័យសរុបបានចំនួន១៨៩ក្បាលដី ក្នុងនោះដី កសិកម្មមានចំនួន០២ក្បាលដី ដីលំនៅឋានចំនួន១៨៥ក្បាលដី ដីវត្ត០១ក្បាលដី និងដីស្រះ០១ក្បាលដី ។ ភូមិទី៨ ការប្រមូលទិន្នន័យសរុបបានចំនួន៣៤៧ក្បាលដី ក្នុងនោះដីកសិកម្មចំនួន៤៣ក្បាលដី ដីលំនៅឋានចំនួន៣០៣ក្បាលដី ដីសាលាឆទានចំនួន០១ក្បាលដី និងដីសាលារៀនចំនួន០១ក្បាលដី ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យដំណើរការសាងសង់អគារសិក្សា ០១ខ្នងនៅអនុវិទ្យាល័យទួលកែវ ស្រុកព្រៃនប់

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ :ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ សាលាអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់
ខេត្តព្រះសីហនុ កំពុងសាងសង់អគារសិក្សាថ្មីមួយខ្នងបន្ថែមទៀត ត្រៀមដំឡើងឱ្យទៅជាសាលាវិទ្យាល័យទួលកែវ នៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២- ២០២៣ខាងមុខ ។ 
នេះបើតាមការឱ្យដឹងពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់អគារសិក្សា០១ខ្នង កាលពីរសៀលថ្ងៃ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធទី០២ ខែមីនា ឆ្នាំ២០២២។ អគារសិក្សាដែលកំពុងដំណើរការសាងសង់នេះ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុងមានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង ១០បន្ទប់ សរុបមាន ៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លារអាម៉េរិក ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន លីន សុគន្ធា។

 ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣។ ម្យ៉ាងដោយមើលឃើញ ពីផលលំបាកសម្រាប់សិស្សានុសិស្ស និងការប្រឈមនិងគ្រោះថ្នាក់់ចរាចរណ៍របស់សិស្សដែលរៀនចប់នៅអនុវិទ្យាល័យបានបោះបង់ចោលការសិក្សា ដោយសារតែខ្វះខាតជីវភាព។ពិសេសមធ្យោ បាយធ្វើដំណើរទៅសាលារៀននៅឆ្ងាយមានចំនួន ០៣ឃុំ មានដូចជាឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានតែអនុវិទ្យាល័យ មិនមានវិទ្យាល័យនៅជិត។

 ពេលដែលរៀនចប់នៅអនុវិទ្យាល័យសិស្សទាំងអស់ត្រូវទៅរៀនបន្តនៅវិទ្យាល័យវាលរេញ ដែលមានចម្ងាយឆ្ងាយ។ ដោយមើលឃើញផលលំបាករបស់សិស្ស ទើបឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានពិគ្រោះជាមួយលោកឧកញ៉ា តុង ចំរើន ដែលជាសប្បុរសជន និងគោរពសុំយោបល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពឱ្យលោកឧកញ៉ា តុង ចំរើន ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ក្នុងនាមសម្ដេចតេជោ ហើយយើងក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាងសង់ លីន សុគន្ធា ដែលមានតម្លៃសាងសង់ចំនួន ៦២ម៉ឺនដុល្លារអាម៉េរិក។

 អគារសិក្សាមួយខ្នងនេះសាងសង់ប្រើរយ:ពេលមួយឆ្នាំ ហើយនៅពេលបើកបវេសនកាលឆ្នាំក្រោយ យើងនឹងមានអគារសិក្សាថ្មីមួយខ្នងនេះ សម្រាប់ឱ្យសិស្សចូលរៀន ដើម្បីប្រែក្លាយអនុវិទ្យាល័យ ទួលកែវ ក្លាយទៅជាវិទ្យាល័យ ។ ទន្ទឹមនោះយើងក៏ត្រូវបណ្តុះបណ្តាលគ្រូបណ្តើរៗ នៅពេលសាលាសាងសង់រួច សិស្សដែលរៀនចប់ឆ្នាំនេះអាចចូលសិក្សានៅវិទ្យាល័យនេះតែម្តង។ សូមបញ្ជាក់ថា សំណង់អគារសិក្សាមួយខ្នងនៅក្នុងបរិវេណសាលាអនុវិទ្យាល័យទួលកែវ ចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២កន្លងមក ៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

Wednesday, March 2, 2022

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខាន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ព្រោះលើកសោភ័ណភាព និងភាពបៃតងលើដងផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣ បានផ្តល់ផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មានម្ចាស់ផ្សារមួយកន្លែងនៅជាប់ផ្លូវជាតិលេខ៣ ធ្លាប់ជំទាស់ការធ្វើស្ពានធ្វើដំណើរឆ្លងកាត់ផ្លូវ, សម្តេចថ្លែងថា ត្រូវតែធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ដែលជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនៅកម្ពុជា បានផ្លាស់ប្តូរហើយ។ ពីមុនសាងសង់ផ្លូវគិតធ្វើឱ្យបានវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងមាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុនចិន ដែលតែងតែធ្វើលឿនជាងផែនការក្នុងគម្រោង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។ ក្នុងនោះប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេស។ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងដឹងគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ ចិនផ្តល់ថវិកា សាងសង់ ផ្លូវរួចរាល់២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបបញ្ចេញថវិកាជាតិ ៥លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់លើការសាងសង់ផ្លូវក្រវាត់ក្រុងទី៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិត្តធម៌របស់អាជ្ញាធរឱ្យពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវ ទីបំផុតរាជរដ្ឋាភិបាលត្រូវផ្តល់ប៉ះពាល់ជូនពួកគាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋរឹងរូសសម្រាប់ផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិ នឹងត្រូវអនុវត្តន៍ច្បាប់អស្សាមិករណ៍។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតែសប្បាយ ហើយបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារការបើកបរ មិនគួរគប្បីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វ៉ាក់សាំង ដែលបានធ្វើឱ្យសម្តេចគេចផុតពីការឆ្លងជំងឺកូវីដ១៩ ទោះបីប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ហើយចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការផែនការដាក់ចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងនៅឃ្លាំងមានជាង ៧លានដូស ហើយនៅឆមាសទី១ឆ្នាំនេះ នឹងខិតខំនាំចូលវ៉ាក់សាំង ឱ្យបាន ៨លានដូសទៀត ដើម្បីធានាដល់ការចាក់ជូនប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា នៅពេលនេះមានបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរ បើរុស្ស៉ី រក្សាទាហានទុកនៅអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនៅតែជឿថារុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ។ សម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ

* សម្តេតេជោ ហ៊ុន សែន បានថ្លែងថា រុស្ស៉ី និងអ៊ុយក្រែន នឹងយោគយល់ចំពោះគោលជំហររបស់កម្ពុជា ហើយនឹងគ្មានការចាប់បង្ខំកម្ពុជា ឱ្យជ្រើសយកភាគីនេះ ឬភាគីនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈកំពុងញ៉ាំញីដោយជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយអាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការមើលឃើញរបស់សម្តេចថា ប្រសិនបើសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាមេរិកផង អាចនឹងខ្ទេចខ្ទី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកនយោបាយជើងយូរ ហើយបានដឹកនាំប្រទេសមិនត្រឹមតែក្នុងដំណាក់កាលសន្តិភាពទេ។ ប៉ុន្តែបានដឹកនាំប្រទេសពីដំណាក់កាលសង្គ្រាម មកកាន់ដំណាក់កាលសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺនយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចរកសន្តិភាពដោយការបញ្ចប់ភ្លើងសង្គ្រាម តែមិនអាចរកសន្តិភាពផ្លូវចិត្តចំពោះអ្នកមានពិរុទ្ធភាពនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់សព្វាវុធទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះកាន់តែខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការឡើងថ្លៃប្រេង។ ការឡើងនេះគឺមិនមែនតែកម្ពុជានោះទេ គឺឡើងនៅទូទាំងពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគាំទ្រការផ្តាច់ខ្លួនរបស់ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ពីប្រទេសចិននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖១១នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។


អភិបាលខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ

ចំនួនអ្នកទស្សនា: Views

 


កណ្តាល :ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។
 ត្រូវពង្រឹងលើវិធានការបង្ការ និងទប់ស្កាត់ឱ្យតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្តាល។

 ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ នារសៀលថ្ងៃ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ។ ជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

 បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានល្អប្រសើរ និង ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាអនុវត្តន៍តាមការណែនាំរបស់

ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍តាមវិធានការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ពិសេសគឺប្រភេទវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ចូលក្នុងសហគមន៍៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖​ dara


Tuesday, March 1, 2022

រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖
 លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចាប់ផ្តើម ការអនុវត្តគម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» ផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ យូណេស្កូប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ដល់ភាគីពាក់ព័ន្ធអំពីទស្សនទានទូទៅ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ។

គម្រោងនេះ នឹងបង្កើតចេញជាសេចក្ដីព្រាងឯកសារសំខាន់២គឺ៖

១៖ ក្របខណ្ឌអក្ខរកម្ម MIDL ថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ពីក្របខណ្ឌសមត្ថភាព និងកម្រិតជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំខាន់ៗ ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

២៖ យុទ្ធសាស្រ្តលើកកម្ពស់អក្ខរកម្ម MIDL ដែលក្នុងនោះ នឹងកំណត់ចេញនូវភាគីពាក់ព័ន្ធ និងកម្មវិធីជាច្រើនដែល យើងត្រូវបន្តអនុវត្តរួមគ្នាបន្ថែមទៀត។

លទ្ធផលទាំងពីរ នឹងគាំទ្រដល់ដំណើរការប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក ក្នុងឆ្នាំ២០៣៥ ខាងមុខ។

ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយក និងការផ្លាស់ប្តូរឌីជីថល គ្រប់ផ្នែកទាំងអស់ ទាំងផ្នែករដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ គោលនយោបាយនេះ មានអាទិភាពជាយុទ្ធសាស្រ្តសំខាន់មួយគឺ ការជំរុញប្រែក្លាយពលរដ្ឋកម្ពុជាជាពលរដ្ឋឌីជីថល។ ទិសដៅក្នុងការផ្លាស់ប្តូរនេះ គឺដើម្បីចាប់យកប្រយោជន៍អតិបរិមា ពីការវិវត្តរបស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ជំរុញផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច ជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ។

ក្នុងនោះ ពលរដ្ឋឌីជីថលកម្ពុជាគ្រប់រូប អាចទទួលបានប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន និងជំនឿទុកចិត្តខ្ពស់ ដោយនៅរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។

ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត តាមរយៈការបម្រើសេវាសាធារណៈ កាន់តែប្រសើរ។

គោលនយោបាយនេះ មានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ និងយុទ្ធសាស្ត្រចំនួន១០ ដែលក្នុងចំណោមយុទ្ធសាស្ត្រ ទាំង១០នេះ មានយុទ្ធសាស្ត្រមួយ បានផ្ដោតលើការកសាងមូលធនមនុស្សឌីជីថល។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) ថ្នាក់ជាតិ» គឺជាការបោះជំហានទៅមុខមួយទៀតដ៏សំខាន់ សំដៅដល់ការរៀបចំ ក្របខណ្ឌជាតិរួមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពនិងកម្រិតអក្ខរកម្ម MIDL របស់ប្រជាពលរដ្ឋបានត្រឹមត្រូវច្បាស់លាស់។

ក្របខណ្ឌនេះ ក៏នឹងក្លាយទៅជាមូលដ្ឋានចាំបាច់ ដល់ក្រសួង-ស្ថាប័ន រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាល បានច្បាស់លាស់ និងទូលំទូលាយ សមស្របតាមស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់លោក លោកស្រី មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធបន្តគាំទ្រ ដល់សកម្មភាពនៃការរៀបចំក្របខណ្ឌ និងយុទ្ធសាស្រ្តថ្នាក់ជាតិ ជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកជំនាញការរបស់អង្គការយូណេស្កូបន្ថែមទៀត។

លោកថា មតិយោបល់ធាតុចូលរបស់លោក លោកស្រី គឺបង្ហាញភាពជាម្ចាស់កម្មសិទ្ធិ នៃកិច្ចការនេះ និងការចូលរួមមានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការធ្វើឲ្យក្របខណ្ឌនេះមានភាពសមស្រប មានគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រទេសជាតិយើង៕

ឯកឧត្តម សុខ លូ ជួបពិភក្សាការងារជាមួយ ទីប្រឹក្សាគម្រោងច្រកចេញ-ចូលតែមួយសម្រាប់ពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

  



 បាត់ដំបង: ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២ នៅរសៀលថ្ងៃ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែកុម្ភ: ឆ្នាំ ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាកាងារជួយលោកបណ្ឌិត សំ ចាន់ធី ទីប្រឹក្សាគម្រោងច្រកចេញ-ចូលតែមួយសម្រាប់ពលរដ្ឋ (OW4C) ដើម្បីពិភាក្សាការងារ ប្រមូលព័ត៌មានពីការរីកចម្រើនរបស់ច្រកចេញ-ចូលតែមួយ ការឆ្លើយតប និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋដែលបានលើកឡើង ដើម្បីធ្វើឱ្យការផ្តល់សេវារបស់ច្រកចេញ-ចូលតែមួយ កាន់តែមានប្រសិទ្ធភាព ។

គម្រោងច្រកចេញ-ចូលតែមួយសម្រាប់ពលរដ្ឋ (OW4C) បានរួមគ្នាអនុវត្តន៍ដោយក្រុមហ៊ុន Nickol Global Solutions អង្គការ In STEDD និង អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ដោយគម្រោងមានគោលបំណងផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ ទៅនឹងព័ត៌ មាន ប្រកបដោយតម្លាភាព សុក្រឹតភាព និងត្រឹមត្រូវរបស់សេវាការិយាល័យច្រកចេញ-ចូលតែមួយ រួមទាំងលើកកម្ពស់កិច្ចសន្ទនារវាងប្រជាពលរដ្ឋ និង ការិយាល័យច្រកចេញ-ចូលតែមួយ តាមរយៈវេទិកាសាធារណៈ និង កម្មវិធីបច្ចេកវិទ្យា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ដែលផ្ដល់ដោយការិយាល័យច្រកចេញ-ចូលតែមួយ ប្រកបដោយគុណភាព គណ នេយ្យភាព និង តម្លាភាព។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវក្តីអរគុណដល់លោកបណ្ឌិត សំ ចាន់ធី ដែលបានគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តឱ្យកាន់តែប្រសើរឡើង នូវសេវាសាធារណៈ ដែលផ្ដល់ដោយការិយាល័យច្រកចេញ-ចូលតែមួយ ប្រកបដោយគុណភាព គណ នេយ្យភាព និង តម្លាភាព និងបម្រើប្រជាពរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara