ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចាប់ផ្តើម ការអនុវត្តគម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» ផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ យូណេស្កូប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ដល់ភាគីពាក់ព័ន្ធអំពីទស្សនទានទូទៅ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ។
គម្រោងនេះ នឹងបង្កើតចេញជាសេចក្ដីព្រាងឯកសារសំខាន់២គឺ៖
១៖ ក្របខណ្ឌអក្ខរកម្ម MIDL ថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ពីក្របខណ្ឌសមត្ថភាព និងកម្រិតជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំខាន់ៗ ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
២៖ យុទ្ធសាស្រ្តលើកកម្ពស់អក្ខរកម្ម MIDL ដែលក្នុងនោះ នឹងកំណត់ចេញនូវភាគីពាក់ព័ន្ធ និងកម្មវិធីជាច្រើនដែល យើងត្រូវបន្តអនុវត្តរួមគ្នាបន្ថែមទៀត។
លទ្ធផលទាំងពីរ នឹងគាំទ្រដល់ដំណើរការប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក ក្នុងឆ្នាំ២០៣៥ ខាងមុខ។
ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយក និងការផ្លាស់ប្តូរឌីជីថល គ្រប់ផ្នែកទាំងអស់ ទាំងផ្នែករដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ គោលនយោបាយនេះ មានអាទិភាពជាយុទ្ធសាស្រ្តសំខាន់មួយគឺ ការជំរុញប្រែក្លាយពលរដ្ឋកម្ពុជាជាពលរដ្ឋឌីជីថល។ ទិសដៅក្នុងការផ្លាស់ប្តូរនេះ គឺដើម្បីចាប់យកប្រយោជន៍អតិបរិមា ពីការវិវត្តរបស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ជំរុញផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច ជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ។
ក្នុងនោះ ពលរដ្ឋឌីជីថលកម្ពុជាគ្រប់រូប អាចទទួលបានប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន និងជំនឿទុកចិត្តខ្ពស់ ដោយនៅរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។
ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត តាមរយៈការបម្រើសេវាសាធារណៈ កាន់តែប្រសើរ។
គោលនយោបាយនេះ មានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ និងយុទ្ធសាស្ត្រចំនួន១០ ដែលក្នុងចំណោមយុទ្ធសាស្ត្រ ទាំង១០នេះ មានយុទ្ធសាស្ត្រមួយ បានផ្ដោតលើការកសាងមូលធនមនុស្សឌីជីថល។
លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) ថ្នាក់ជាតិ» គឺជាការបោះជំហានទៅមុខមួយទៀតដ៏សំខាន់ សំដៅដល់ការរៀបចំ ក្របខណ្ឌជាតិរួមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពនិងកម្រិតអក្ខរកម្ម MIDL របស់ប្រជាពលរដ្ឋបានត្រឹមត្រូវច្បាស់លាស់។
ក្របខណ្ឌនេះ ក៏នឹងក្លាយទៅជាមូលដ្ឋានចាំបាច់ ដល់ក្រសួង-ស្ថាប័ន រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាល បានច្បាស់លាស់ និងទូលំទូលាយ សមស្របតាមស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់លោក លោកស្រី មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធបន្តគាំទ្រ ដល់សកម្មភាពនៃការរៀបចំក្របខណ្ឌ និងយុទ្ធសាស្រ្តថ្នាក់ជាតិ ជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកជំនាញការរបស់អង្គការយូណេស្កូបន្ថែមទៀត។
លោកថា មតិយោបល់ធាតុចូលរបស់លោក លោកស្រី គឺបង្ហាញភាពជាម្ចាស់កម្មសិទ្ធិ នៃកិច្ចការនេះ និងការចូលរួមមានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការធ្វើឲ្យក្របខណ្ឌនេះមានភាពសមស្រប មានគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រទេសជាតិយើង៕
0 comments:
Post a Comment