-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, December 27, 2024

មន្ត្រីវប្បធម៌៖ ក្រោយព្រះបាទអង្គឌួង សោយទិវង្គត ព្រះរាជពិធីបង្ហើរខ្លែងខ្មែរលែងមាន, សព្វថ្ងៃមានមហោស្រពបង្ហើរខ្លែង

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក រឿង សារ៉េត ប្រធានសារមន្ទីរខ្លែងខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រោយព្រះបាទអង្គឌួង សោយទិវង្គត ព្រះរាជពិធីបង្ហើរខ្លែងខ្មែរ លែងមានទៀតហើយ ខណៈសព្វថ្ងៃមានតែការព្យាយាមបង្កើតព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី ជាពិសេសការបង្កើតមហោស្រពបង្ហើរខ្លែង។

ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News មន្ត្រីវប្បធម៌ បានលើកឡើងថា ក្រោយសង្គ្រាម កម្ពុជាខិតខំធ្វើឲ្យខ្លែងខ្មែររស់ឡើងវិញ ជាក់ស្តែងសារមន្ទីរខ្លែងខ្មែរ ត្រូវបានបង្កើតនៅឆ្នាំ២០០៣ ក៏ដើម្បីតម្កល់ទុកខ្លែងខ្មែរតែម្តង។

សៀវភៅ «ខ្លែងខ្មែរ» សហនិពន្ធដោយ ស៊ឹម សារ៉ាក់ និង ជៀង យ៉ារិន បោះពុម្ពនៅឆ្នាំ២០០២ បានសរសេរថា ពិធីបង្ហើរខ្លែងនៅស្រុកខ្មែរកើតមាន ក្នុងអំឡុង ៤០០ឆ្នាំ មុនគ្រិស្តរាជ។ ជាមួយគ្នានេះ បើតាមសៀវភៅ «ខ្លែងបង្ហើរក្នុងសង្គមខ្មែរ» របស់លោក រឿង សារ៉េត នៅប្រទេសកម្ពុជា ទំនៀមបង្ហើរខ្លែង មានតាំងពីយូរណាស់មកហើយ។

សៀវភៅរបស់អ្នកស្រី Éveline Porée-Maspero បោះពុម្ព នៅប៉ារីស ឆ្នាំ១៩៦៤ បានសរសេរថា នៅស្រុកខ្មែរ ពិធីបង្ហើរខ្លែងជាមរតកនៃចំណេះដឹង បានកើតមាននៅក្នុងអារ្យធម៌ខ្មែរ តាំងពីពេលដែលខ្មែរពុំទាន់ទទួលអារ្យធម៌ក្លឹង្គម្ល៉េះ។

សម្រាប់លោក រឿង សារ៉េត ប្រវត្តិនៃការបង្ហើរខ្លែរនេះដែរ បើតាមការសាកសួរអ្នកដែលចូលចិត្តធ្វើខ្លែងបង្ហោះ ភាគច្រើនជាមនុស្សវ័យចំណាស់ៗ ដោយប្រាប់ស្រដៀងគ្នាថា ការលេងខ្លែង ពិសេសខ្លែងឯក ឬខ្លែងព្នងនេះ មិនដឹងថា មានប្រវត្តិតាំងពីពេលណានោះមកទេ គឺពួកគាត់បានចេះធ្វើខ្លែងបង្ហោះតៗគ្នាមក។ មួយវិញទៀត ពួកគាត់គ្រាន់តែដឹងតាមរយៈរឿងព្រេងនិទាន «ធ្នញ្ជ័យ» ថាជាអ្នកប្រាជ្ញស្រុកខ្មែរ ដែលកាលពីព្រេងនាយ បានធ្វើខ្លែងព្នងបង្ហើរនៅស្រុកចិន។

លោក រឿង សារ៉េត បានឲ្យដឹងដែរថា ក្នុងសង្គមខ្មែរ ការបង្ហើរខ្លែងពុំគ្រាន់តែជាការកម្សាន្តសប្បាយនោះទេ គឺជាពិធីដែលមានទំនាក់ទំនងភ្ជាប់ទៅនឹងសាសនា ជំនឿរបស់អ្នកស្រុក ដែលជាពិធីបុណ្យមួយនៃពិធីបុណ្យទ្វាទសមាសតាំងពីបុរាណ។ ជារៀងរាល់ឆ្នាំ ពីថ្ងៃ១២កើត ដល់ថ្ងៃ១៥កើត ខែមិគសិរ ត្រូវនឹងខែវិច្ឆិកា ឬខែធ្នូ នៅរាជធានីឧដុង្គ ព្រះបាទ អង្គឌួង តែងប្រារព្ធព្រះរាជពិធីបង្ហោះខ្លែង តាមបែបព្រះពុទ្ធសាសនា ដោយមានសង់រោងពិធី ៥អន្លើ ហើយនិមន្តព្រះសង្ឃជារាជគណៈចម្រនព្រះបរិត្ត នៅគ្រប់រោងទាំង៥ ដែលមានតាំងគោម និងខ្លែងចំនួន៥។

លោក រឿង សារ៉េត បានបន្តថា ព្រះរាជពិធីនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសដល់ព្រះចូឡាមណីចេតិយ៍ និងដើម្បីបួងសួងសុំកុំឲ្យមានភ្លៀង ឬទឹកជំនាន់ ក្នុងឱកាសច្រូតកាត់ ព្រមទាំងដើម្បីសុភមង្គល និងសុខសន្តិភាព សម្រាប់ប្រជារាស្ត្រទូទាំងនគរខ្មែរ។ ចាប់តាំងពីព្រះបាទ អង្គឌួង សោយទិវង្គត នាឆ្នាំ១៨៦០ ពិធីបង្ហើរខ្លែង ពុំមានព្រះមហាក្សត្រក្រោយៗទៀត រៀបចំជាព្រះរាជពិធីទៀតឡើយ ប៉ុន្តែសកម្មភាពបង្ហើរខ្លែងរបស់អ្នកស្រុក នៅតែបង្ហើរកម្សាន្តសប្បាយ នារដូវច្រូតកាត់រៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ១៩៧០។ សង្គ្រាមចាប់ពីឆ្នាំ១៩៧០ ព្រមទាំងរបបខ្មែរក្រហម បានធ្វើឲ្យប្រជាជនយើងអត់បាយ បែកបាក់ ស្លាប់ និងនិរាសព្រាត់ប្រាស់គ្រួសារ សកម្មភាពបង្ហោះខ្លែរ ក៏ត្រូវបាត់បង់ទៅ។

ក្នុងឱកាសនោះ លោកបានបកស្រាយពាក់ព័ន្ធនឹងទស្សនៈមួយគឺ «បើខ្លែងធ្លាក់លើដំបូលផ្ទះនរណា នាំរឿងចង្រៃ» ដោយលោកបានចាត់ទុកថា នោះជាទស្សនៈមិនត្រឹមត្រូវ។

បើតាមតាមឯកសារខ្លះទៀត ព្រះរាជាសម័យបុរាណ ក៏មានពិធីបង្ហោះខ្លែងផងដែរ តាមរឿងព្រេងបុរាណជាច្រើន បានបញ្ជាក់ ដូចរឿង នាងកែវមុខសេះ ឬកែវណាម៉ា និងធ្នញ្ច័យ ជាដើម។ ខ្លែងក៏បង្ហើរសម្រាប់បូជាព្រះពាយ ដែលបានផ្តល់ខ្យល់ដកដង្ហើមដល់ជីវិត ហើយព្រះរាជាប្រារព្ធជាមួយរាស្ត្រ ដើម្បីសុំនូវសេចក្តីសុខក្សេមក្សាន្ត ដល់ពពួកទេព ដើម្បីជួយថែរក្សា ការពារ និងបណ្តាលឲ្យអាកាសធាតុអំណោយផល សម្រាប់ដំណំាដាំដុះ ដល់ប្រជាកសិករ និងរាជនគរទាំងមូល។

លោក ហ្សក សឺដេស Gorge Cedès អ្នកសរសេរប្រវត្តិសាស្ត្រសាវតារអំបូរខ្មែរ បានរកឃើញសិលាចារឹកមួយផ្ទាំង មានកាលបរិច្ឆេទតាំងពីដើមសតវត្សទី១០ (972Jr) ដែលអត្ថន័យបានបញ្ជាក់ប្រាប់ថា ព្រះរាជាក៏ធ្វើព្រះរាជពិធីបង្ហើរខ្លែងដែរ។ ពេលនោះមានតង្វាយជាច្រើនមុខ ច្រើនប្រភេទ មាស សំរឹទ្ធ ប្រាក់ លង្ហិន ពាន លំពែង និងខ្លែង ៥ទៀតផង៕

0 comments:

Post a Comment