នៅថ្ងៃទី៣ ខែមេសា ២០២៤ នេះពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្តដែលរាជរដ្ឋាភិបាលជួយសម្រួលមិនយកថ្លៃសេវាបង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក។
ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រឡប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូតដល់ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤។
លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់លើកឡើងថា «អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលមិនយកកម្រៃសេវាបង់ប្រាក់ចេញ-ចូលដល់ពលករខ្មែរដែលធ្វើការនិងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។
ពលកររូបនេះអរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែលបានយកចិត្តទុកដាក់ដល់ពលករដែលវិលត្រលប់មកលេងស្រុកកំណើត ហើយបានផ្តល់អាហារសម្រន់ដូចជានំបុ័ង និងទឹកសុទ្ធ រួមទាំងការជួយសម្រួលកិច្ចការងារផ្សេងៗជូនដល់ពលករតាមច្រកព្រំដែនផងដែរ។
លោក ភា រុន ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃម្នាក់ទៀតក៏បានលើកឡើងដែរថា «ខ្ញុំមកលេងស្រុកកំណើតនៅឆ្នាំនេះអត់មានការបង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំចំណាយតែទៅលើការធ្វើដំណើរពីក្រុងបាងកកមកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយចិត្តព្រោះកាត់បន្ថយចំនាយបានខ្លះដែរ»។
គួរកត់សម្គាល់ថាត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០នាក់ ក្នុងនោះច្រកព្រំដែនកម្ពុជា-ថៃចំនួន១៨,២៩៥នាក់។ ទន្ទឹមនឹងនេះភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើររបស់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានមន្រ្តីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំការនៅទីនោះផងដែរ។
គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ៕
0 comments:
Post a Comment