-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, March 7, 2024

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីវិស័យយុត្តិធម៌ នៅតុលាការខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views

នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។

ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានលើកឡើងថា ការអញ្ជើញចុះមកជួបពិភាក្សាការងារជាមួយតុលាការខេត្តពោធិ៍សាត់ នាពេលនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលខាងតុលាការនោះទេ គោលបំណងស្វែងយល់ពីវិស័យយុត្តិធម៌ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់របស់តុលាការខេត្ត។

តុលាការខេត្តពោធិ៍សាត់ បានជម្រាបជូនគណៈកម្មការទី៦នៃរដ្ឋសភា ពីវឌ្ឍនភាព​ និងសកម្មភាពការងារមួយចំនួន ដូចជា បានចូលរួមអនុវត្តតួនាទីភារកិច្ចតាមសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ជាធរមាន ដើម្បីធានាឱ្យបាននូវឯករាជ្យភាពនៃអំណាចតុលាការ ធានារក្សាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ធានាឱ្យមានដំណើរការល្អរបស់អង្គការតុលាការ ស្របតាមការដាក់ចេញនូវយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ លើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានចូលរួមដឹកនាំអង្គភាពពាក់ព័ន្ធក្នុងការបង្ក្រាប បទល្មើសទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ធ្វើឱ្យខេត្តពោធិ៍សាត់មានការថមថយនូវបទល្មើស និងភូមិឃុំមានសុវត្ថិភាព ដោយមានការចូលរួមសហការល្អពីរដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធ។

ជាមួយគ្នានោះ តុលាការខេត្តពោធិ៍សាត់ ក៏បានសំណូមពរ​ និងស្នើសុំរដ្ឋសភាឱ្យមានការធ្វើវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីបន្ថែមអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក-ក្រុងជាដើម ឱ្យមាននីតិសម្បទាក្នុងការបញ្ជូនលិខិតបទដ្ឋានផ្សេងៗឱ្យសមស្របតាមនីតិវិធីរដ្ឋប្បវេណី។

ក្រោយពីបានស្តាប់នូវការលើកឡើងរបស់តុលាការខេត្តរួចមក ឯកឧត្តម អង្គ វង្សវឌ្ឍានា បានសម្តែងនូវការកោតសរសើរតុលាការខេត្តពោធិ៍សាត់ ដែលមានកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត នគរបាល និងអាវុធហត្ថខេត្ត។ ជាមួយគ្នានោះ ឯកឧត្តមប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ក៏មានមតិផ្តាំផ្ញើថ្នាក់ដឹកនាំ​ និងមន្រ្តីតុលាការ ត្រូវធ្វើការដោះស្រាយបញ្ហាដោយការអត់ធ្មត់ ទន់ភ្លន់ សហការ និងប្រើប្រាស់វិធានការច្បាប់ និងបានស្នើសុំឱ្យចៅក្រម ព្រះរាជអាជ្ញា អនុវត្តវិធានការច្បាប់ឱ្យបានម៉ត់ចត់ ដើម្បីអភិវឌ្ឍន៍ប្រទេសឈានទៅរកនីតិរដ្ឋ ត្រូវមានទំនាក់ទំនងការងារ​ និងសាមគ្គីភាពផ្ទៃក្នុងល្អ។

សម្រាប់ការស្នើសុំរបស់តុលាការខេត្តពោធិ៍សាត់ សុំឱ្យមានការធ្វើវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី គណៈកម្មការទី៦ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​ ៕

0 comments:

Post a Comment