-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 27, 2024

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីចុះកំណត់ភូមិគំរូនៅខណ្ឌជាយរាជធានី ដោយផ្អែកទៅតាមលក្ខណៈវិនិច្ឆ័យនៃភូមិគំរូ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានចុះកំណត់ភូមិគំរូនៅក្នុងខណ្ឌជាយរាជធានី ដោយផ្អែកលើសក្ដានុពលសំខាន់ៗទៅតាមលក្ខណៈវិនិច្ឆ័យនៃភូមិគំរូ។

ការណែនាំនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញសរុប៣៣នាក់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ​ព្រមទាំងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដោយលោក គឹម វិបុល ប្រធានមន្ទីររួចមក លោក ឆាយ ឫទ្ធិសែន បានឱ្យដឹងថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទបានខិតខំអនុវត្តកម្មវិធីអាទិភាពរបស់ក្រសួងក្នុងអាណត្តិកន្លងមក រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ដើម្បីធានាបាននូវតំបន់ជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ និងពង្រឹងសេវាគាំទ្ររដ្ឋបាលនិងកិច្ចការទូទៅ ក្នុងគោលដៅធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួន គឺ «លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌»។

សម្រាប់នីតិកាលថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យដ៏មានសារៈសំខាន់ គឺ «កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ ដែលប្រែកម្មវិធីអាទិភាពចំនួន៥។

កម្មវិធីអាទិភាពនេះនឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលមានបាវចនា៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្ដីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដូចខាងក្រោម៖

* មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិគំរូនៅក្នុងខណ្ឌជាយរាជធានី ដោយផ្អែកលើសក្ដានុពលសំខាន់ៗ ទៅតាមលក្ខណៈវិនិច្ឆ័យនៃភូមិគំរូ។

* ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងខិតខំបង្កើនសមិទ្ធផល និងស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០។

* ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ព្រមទាំងចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ប្រកបដោយសុចរិតភាព។

* មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលរាជធានី មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរពាក់ព័ន្ធនានា ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទឱ្យកាន់តែល្អប្រសើរឡើង។

* មន្ទីរត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់ខ្លួន ដើម្បីផ្ដល់ព័ត៌មានក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយដល់មហាជន។

* ត្រូវមានឯកភាព សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ យកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវមានការលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម៕

0 comments:

Post a Comment