ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងវេទិកាសន្ទនាជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលពីនារសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងវេទិកាសន្ទនាជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិត ប្រមាណ ៣៥០នាក់។
ក្នុងវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកអំពី “កិច្ចការជាអាទិភាពសំខាន់ៗពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គវេទិកាថា ក្រសួងយុត្តិធម៌បានចាត់ទុកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មិនមែនត្រឹមតែជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។ ចំពោះការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាវិស័យយុត្តិធម៌ប្រកាន់យកនូវអភិក្រមការងារ “អ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច អ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព” ដោយប្រកាន់យកគោលការណ៍គុណាធិបតេយ្យ។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើប្អូនៗនិស្សិតទាំងអស់ឱ្យចូលរួមចែករំលែក និងផ្សព្វផ្សាយអំពីច្បាប់ ដើម្បីលើកកម្ពស់ការគោរពច្បាប់ ដែលជាការចូលរួមចំណែកក្នុងការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចែករំលែកអំពី “ទិសដៅកែទម្រង់វិស័យរ៉ែ និងថាមពលនៅកម្ពុជា”។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបឱ្យអង្គវេទិកាបានយល់ដឹងអំពីវិស័យធំៗទាំង ៣ របស់ក្រសួងរ៉ែ និងថាមពល រួមមាន៖ ១)ប្រេងនិងឧស្ម័ន ២) រ៉ែ និង ៣) ថាមពល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍវិស័យរ៉ែ និងថាមពល ប្រកបដោយចីរភាព និងការធានានូវសន្តិសុខថាមពលជាតិ៕






ដោយ៖ ប៊ុនរិទ្ធ (AKP)
sps-news.com

0 comments:
Post a Comment