(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា ធនាគារប្រៀបដូចជាបេះដូង ពោលមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រ ដល់ដំណើរការ សេដ្ឋកិច្ចជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូប នៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារដើរតួរនាទីសំខាន់ណាស់ នៅក្នុងការបង្វិល ការប្រមូលផ្ដុំធន ក្នុងការគាំទ្រដំណើរការសេដ្ឋកិច្ច ចឹងប្រសិទ្ធភាព នៃដំណើរការប្រព័ន្ធធនាគារយើង គឺធានានូវសុខភាព របស់សេដ្ឋកិច្ចរបស់យើង [...] ធនាគារដូចបេះដូង ប្រមូលឈាមបញ្ចេញឈាមទៅវិញ ចិញ្ចឹមសរីរាង្គ បើបេះដូងដើរមិនល្អ សុខភាពក៏មិនល្អ»។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការសម្រេចនៅក្នុងការវិនិយោគ សាងសងអគារដ៏ខ្ពស់ទំនើបទាន់សម័យ របស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារសំខាន់ នៃកត្ដាសុខសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍន៍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិ។
លើសពីនោះទៀត ព្រមទាំងបានបង្ហាញអំពីទំនុកទុកចិត្ដ និងការជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាធនាគារមកលើបរិកាសធុរកិច្ចរបស់កម្ពុជា និយាយជារួម និងភាពរឹងមាំ និងភាពធន់ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា និយាយដោយឡែក។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ធនាគារវីង ហើយការរីកចម្រើននេះ បានចូលរួមសម្រួលប្រតិបត្តិការជាច្រើន ផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា អគារធនាគារ វីងថៅវើ មានកម្ពស់រហូតដល់១២០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ដែលនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណីតៗ និងតំបន់ហាងទំនិញ ដ៏ពេញនិយមជាច្រើន។ ការសម្ពោធអគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើន នៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា។
អគារធនាគារវីងថៅវើ ត្រូវបានរចនាឡើង ដោយមានការគិតគូរពីនិរន្តភាពនៅលើផ្ទៃអគារទាំងមូល។ ជាមួយការប្រើប្រាស់ផ្ទៃជញ្ជាំងកញ្ចក់ដ៏ទំនើប ដោយបំពាក់កញ្ចក់ពីរផ្នត់ផ្អឹបជាប់គ្នា ដែលអាចឲ្យពន្លឺធម្មជាតិអាចជះចូលបានយ៉ាងគ្រាប់គ្រាន់ទៅក្នុងអគារ និងអាចកាត់បន្ថយកម្តៅបានយ៉ាងល្អប្រសើរផងដែរ៕
0 comments:
Post a Comment