-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, December 1, 2023

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចចំណុះក្រោមក្រសួង១២២នាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គីភ័យដល់មន្ត្រីរាជការ មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបចំនួន១២២នាក់ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពអគ្គិភ័យ និងវិធានការបង្ការហានិភ័យដែលអាចកើតដោយអគ្គីភ័យ។

លោក ឡេង តុង បានបន្តថា គ្រោះថ្នាក់អគ្គិភ័យ អាចក្លាយជាមហន្តរាយធ្ងន់ធ្ងរនៅកន្លែងធ្វើការប្រសិនបើយើងមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមិនមានវិធានការបង្ការទុកជាមុនឱ្យបានច្បាស់លាស់នោះទេ។ បញ្ហានេះវាផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ “ផលប៉ះពាល់ Domino” នៅពេលអគ្គិភ័យបង្កឱ្យមានការផ្ទុះ និងការដួលរលំអគារកើតឡើង ដែលបង្កឱ្យក្លាយជាសោកនាកម្ម។ អគ្គិភ័យបានធ្វើឱ្យមានផ្សែង និងឧស្ម័នពុលដែលបង្កមានគ្រោះថ្នាក់ដល់មនុស្សនៅពេលស្រូបចូល និងបាត់បង់កម្រិតអ៊ុកស៊ីហ្សែននៅក្នុងខ្យល់ ព្រមទាំងធ្វើឱ្យយើងបាត់បង់ស្មារតី និងមិនអាចជម្លៀសខ្លួនចេញពីអគារឱ្យបានទាន់ពេលវេលាដែលមូលហេតុទាំងនេះហើយ វាក្លាយជាសោកនាកម្មធ្ងន់ធ្ងរ។

លោកប្រធាននាយកដ្ឋានបានបន្តថា ដើម្បីបង្ការគ្រោះថ្នាក់ដោយអគ្គិភ័យកើតឡើង កន្លែងធ្វើការ ចាំបាច់ត្រូវមានការវាយតម្លៃហានិភ័យដែលអាចកើតឡើងដោយអគ្គិភ័យ ដោយពិចារណាលើធាតុផ្សំនៃអគ្គិភ័យ មានចាត់តាំងឱ្យមានបុគ្គលិកទទួលបន្ទុកសុវត្ថិភាពអគ្គិភ័យ ការរៀបចំប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ តាមបទដ្ឋានបច្ចេកទេស ដើម្បីបង្ការទុកជាមុន និងមានការត្រួតពិនិត្យជាប្រចាំជាដើម។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានណែនាំដល់មន្ត្រីអធិការកិច្ចនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវចុះបញ្ជ្រាបអំពីកិច្ចការសុវត្ថិភាពនេះទៅដល់និយោជក អ្នកគ្រប់គ្រងនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីច្បាប់នៃការរៀបចំប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ដើម្បីធានាសុវត្ថិភាពចំពោះអ្នកបម្រើការងារទាំងឡាយនៅក្នុងទីតាំងរបស់ពួកគេ។

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ចំពោះសម្ភារចាំបាច់ទាំងអស់ ត្រូវចាត់ចំណាត់ថ្នាក់ និងទុកដាក់នៅតាមទីតាំងឱ្យបានត្រឹមត្រូវទៅតាមប្រភេទរបស់វា រួមទាំងមធ្យោយបាយពន្លត់ក្នុងករណីមានអគ្គិភ័យ ដើម្បីងាយស្រួលក្នុងពេលត្រូវយកប្រើប្រាស់ និងពន្លត់ទាន់ពេលវេលា។ ម្យ៉ាងទៀត និយោជកត្រូវមានក្រុមការងារគ្រប់គ្រងអគ្គិភ័យឱ្យបានជាប់ជានិច្ច។

គួរជម្រាបជូនថា នៅក្នុងវគ្គបណ្តុះបណ្តាលនោះដែរ សិក្ខាកាមទាំងអស់ក៏បានចូលរួមការទស្សនាវីដេអូ ស្តីពីសុវត្ថិភាពអគ្គិភ័យ តាមរយៈឧបករណ៍ Virtual Reality (VR) ដែលជាជំនួយរបស់ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងបានចូលរួមអនុវត្តប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យដោយផ្ទាល់ផងដែរ៕

0 comments:

Post a Comment