-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, May 17, 2023

មន្ត្រីរដ្ឋាភិបាល និងក្រុមអ្នកអភិរក្ស ប្រឹងរួមគ្នាយ៉ាងសកម្មលុបបំបាត់បទល្មើសបំផ្លាញធនធនាធម្មជាតិគ្រប់រូបភាព ជាមួយនឹងការបង្កើតមុខរបរផ្សេងៗសម្រាប់សហគមន៍មូលដ្ឋាន

ចំនួនអ្នកទស្សនា: Views


 

(កោះកុង)៖ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បាននឹងបន្តឆ្ពោះទៅកាន់ខេត្តភាគនិរតីរបស់កម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុត ដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗ សម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។

ខណៈដែលយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈនៅតាមបណ្តាខេត្ត មណ្ឌលគីរី រតនៈគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារកាលពីឆ្នាំ២០២២។

យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើង ដើម្បីបង្កើនការអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីសារៈសំខាន់សត្វព្រៃ តួនាទីរបស់ពួកវាក្នុងប្រពន្ធ័អេកូឡូស៊ី បញ្ហាប្រឈម វិបត្តិនៃអន្ទាក់ និងការអំពាវនាវដល់ស្ថាបន័ពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋានឲ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត លើការការពារសត្វព្រៃនិងគ្រប់គ្រងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀត ដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុត ដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗ សម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសហគមន៍មូលដ្ឋានរបស់យើង។

ជាមួយគ្នានេះដែរ លោក នេត្រ​ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្ម ពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។

ក្នុងនាមលោករដ្ឋមន្ត្រី សាយ សំអាល់, លោក នេត្រ ភក្ត្រា បានបន្តថា ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ «យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត»។

លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានមានប្រសាសន៍ទៅលើតួនាទីរបស់ព្រៃឈើ ក្នុងការទប់ទល់ទៅនឹងភាពបម្រែបម្រួលអាកាសធាតុ និងអាចជួយទាក់ទាញភ្ញៀវទេសចរ។

លោក John Willis បានបន្ថែមថា «អ្នកប្រមាញ់សត្វព្រៃដោយការដាក់អន្ទាក់ អាចទទួលបានអត្ថប្រយោជន៍ រយៈពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែនាំផលវិបាកដល់អ្នកផ្សេងទៀតនៅក្នុងសហគមន៍។ អន្ទាក់ជះឥទ្ធិពលអាក្រក់ទៅលើប្រាក់ចំណូលពីការលក់ឥណទានកាបូន និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងសកម្មភាពអេកូទេសចរណ៍ ដែលបង្កើតប្រាក់ចំណូលនៅតាមជនបទ។ អន្ទាក់ប្រៀបបានទៅនឹងមីនសម្រាប់សត្វព្រៃ ដោយសារអន្ទាក់ជាឃាតករសម្លាប់មិនរើសមុខ។ អន្ទាក់ថែមទាំងបំផ្លាញដល់ឱកាសមុខរបររកស៊ី និងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារ ដែលមិនប្រព្រឹត្តសកម្មភាពដាក់អន្ទាក់ផងដែរ»។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានគូសបញ្ជាក់ថា​ «ដើម្បីបង្កើនចំនួនសត្វព្រៃ និងទប់ស្កាត់ការបាត់បង់ពូជសត្វព្រៃ ដែលបណ្តាលមកពីការដាក់អន្ទាក់ និងការបរបាញ់ទាមទារនូវការផ្លាស់ប្តូរយុទ្ធសាស្រ្តអភិរក្ស និងកិច្ចអន្តរាគមន៍ដែលមិនធ្លាប់មាន ពីមុនមកតាមរយៈវិធីសាស្ត្រទំនើប ប្រកបដោយភាពច្នៃប្រឌិតខ្ពស់»។

លោកបានបន្ថែមទៀតថា «យើងត្រូវផ្តល់ជម្រកសុវត្ថិភាពមួយ ដល់សត្វព្រៃហើយ វាក៏ជាទីកន្លែងមួយដែលជីវៈចម្រុះ ត្រូវផ្តាច់ចេញពីការគំរាមកំហែងគ្រប់សកម្មភាពរបស់មនុស្សព្រមទាំងជាតំបន់មួយ ដែលមានការគ្រប់គ្រងដោយមានប្រសិទ្ធភាពខ្ពស់ផងដែរ»។ អង្គការដៃគូអភិរក្សជាច្រើនបានលើកឡើង អំពីសារៈសំខាន់នៃការការពារព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា។

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានបន្តថា៖ «ការបញ្ឈប់ទំលាប់នៃការដាក់អន្ទាក់ដ៏គ្រោះថ្នាក់ នឹងនាំមកនូវផលប្រយោជន៍យូរអង្វែងចំពោះសត្វព្រៃ ទីជម្រកនិងប្រជាជន។ យើងរួមគ្នាការពារជីវៈចម្រុះដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងលើកស្ទួយជីវៈភាពសហគមន៍ និងសុខភាពសាធារណៈដែលធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន»។

លោក អ៊ុំ សូនី នាយកអង្គការអភិរក្សអន្តរជាតិ (CI) ប្រចាំប្រទេសកម្ពុជា បានបន្តថា៖ «ការប្រើប្រាស់អន្ទាក់គឺជាការគំរាមគំហែង យ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលក្នុងមួយឆ្នាំៗអន្ទាក់ទាំងអស់នោះ បានសម្លាប់សត្វព្រៃជាច្រើនយ៉ាងស្ងៀមស្ងាត់។ យើងមិនអាចបណ្តោយឱ្យរឿងនេះ បន្តកើតមានឡើងទៀតទេ។ ក្នុងនាមយើងជាបុគ្គលម្នាក់ៗ យើងអាចធ្វើការផ្លាស់ប្តូរបាន ដោយបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដាក់អន្ទាក់លើសត្វព្រៃ ប្រឆាំងការបរិភោគសត្វព្រៃ គាំទ្រកិច្ចខំប្រឹងប្រែងលើការងារអភិរក្ស និងការស្វែងរកមតិគាំទ្រ ដើម្បីឱ្យមានការអនុវត្តច្បាប់តឹងរឹងជាងមុនប្រឆាំងនឹងការប្រព្រឹត្តិអំពើជួញដូរខុសច្បាប់ លើសត្វព្រៃទាំងនេះ។ នេះគឺជាពេលដែលយើងត្រូវតែចាត់វិធានការ និងការពារសត្វព្រៃដ៏មានតម្លៃរបស់យើងមុនពេល យឺតពេលទៅហើយនោះ។ យើងកំពុងឈរនៅលើផ្លូវបំបែក ក្នុងដំណើរស្វែងរកឱ្យមានការរស់នៅសុខដុមរមនា ជាមួយនឹងធម្មជាតិ»។

ដោយឡែកសម្រាប់ក្រុមហ៊ុន វីតាល់ ក្នុងនាមជាវិស័យឯកជន សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះ យុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិ ដំណាក់កាលទី២ តាមរយៈមូលនិធិ២៥៛ ដែលជាការបរិច្ចាគពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលវីតាល់ ដោយក្រុមហ៊ុនបានកាត់ចេះប្រាក់ចំណេញចំនួន ២៥រៀល ក្នុង១ដប បង្វិលចូលមូលនិធិសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពបរិស្ថាន សប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតឱ្យមានគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងសកម្មភាពទាក់ទងជាមួយបរិស្ថាន។

គួរឱ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការរវាងអង្គការដៃគូអភិរក្សជាច្រើនដូចជា៖ Wildlife Alliance, WWF, USAID, Wild Earth Allies, Conservation International, Angkor Centre for Conservation of Biodiversity, Maddox Jolie-Pitt Foundation, Wildlife Conservation Society, NatureLife Cambodia, Fauna and Flora International និង RECOFTC និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (ទឹកពិសាវីតាល់ និងមីជាតិ) បានបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានអ្នកចូលរួមជាប្រមាណ ៥០០នាក់៕

0 comments:

Post a Comment