-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, December 27, 2022

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំកិច្ចប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ អង្គការ Halo Trust, MAG, NPA, CSHD និង APOPO ក្នុងនោះរាប់បញ្ចូលទាំងការរៀបចំផែនការបោសសម្អាតមីនក្រោមការគាំទ្រពី មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោ កម្ពុជាគ្មានមីនឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏ផ្តោតសំខាន់ផងដែរ លើទីតាំងឈរជើង និងការពង្រាយកម្លាំងរបស់ប្រតិបត្តិករនីមួយៗសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ដើម្បីផ្តល់លទ្ធភាពងាយស្រួលឲ្យអាជ្ញាធរមីន ធ្វើការចាត់ចែង និងរៀបចំផែនការឲ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះកងកម្លាំងប្រតិបត្តិករជាតិ-អន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលកន្លងមក តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ព្រមទាំងបានស្នើសុំឲ្យប្រតិបត្តិករជាតិ-អន្តរជាតិទាំងអស់ ត្រូវបន្តការកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្តឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមគាំទ្រ និងពន្លឿនដល់ការងារបោសសម្អាតមីននៅកម្ពុជា។

ប្រតិបត្តិករទាំងអស់ បានធ្វើការតាំងចិត្ត និងដាក់ផែនការពង្រាយកម្លាំងបោសសម្អាតមីន ដែលនៅសល់ចំនួន ៦៧០ គីឡូម៉ែត្រក្រឡា ឲ្យបានទាន់ពេលវេលា និងសម្រេចតាមផែនការគ្រោងទុក ទាំងប្រើប្រាស់ទាំងធនធានមកពីដៃគូអភិវឌ្ឍន៍ និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥៕  សម្រួលផ្សាយ៖ ដារ៉ា

0 comments:

Post a Comment