សម្ដេចតេជោ ក៏បានកត់សម្គាល់នូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការអនុវត្តផែនការសកម្មភាព ឆ្នាំ ២០១៨-២០២២។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍នាពេលនេះ ត្រូវបានរៀបចំឡើង ក្នុងពេលដែលពហុភាគីនិយម បាន និង កំពុង ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា អ្វីដែលគួរឱ្យព្រួយបារម្ភ ជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាន និង កំពុង ទទួលរងនូវការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួន ដែលបំពានដោយបើកចំហ លើច្បាប់ បទដ្ឋាន និង គោលការណ៍អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល ។
ជាមួយនឹងការកត់សម្គាល់ផ្ទាល់ខ្លួន និង បទពិសោធន៍នៃករណីជម្លោះ ដែលបានអូសបន្លាយ និង បង្កជាសោកនាដកម្មនៅកម្ពុជា សម្ដេចតេជោ មិនដែលជឿថា យើងអាចសម្រេចបាននូវសន្តិភាព តាមរយៈ ការធ្វើសង្គ្រាម ឬ ការគំរាមបង្កសង្គ្រាម នោះឡើយ ។ ក្នុងន័យនេះ សម្ដេចតេជោសង្ឃឹមដោយស្មោះថា យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ ជាវិធីសាស្ត្ររួមរបស់យើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា សម្រាប់ដំណើរឆ្ពោះទៅមុខ សម្ដេចជឿជាក់ថា អាស៊ាន និង សហភាពអឺរ៉ុប ត្រូតែធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ប្រកបដោយបរិយាបន្ន ភាពបើកចំហ តម្លាភាព និង ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក៕ដោយ៖ ជឹម ណារី, សម្រួលផ្សាយ៖ dara
0 comments:
Post a Comment